(ភ្នំពេញ)៖ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានធ្វើទស្សនកិច្ចទៅកាន់ សារមន្ទីរវាលពិឃាតជើងឯក (មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) ដើម្បីមើលទីតាំង «គម្រោងស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារ សារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ» នៅក្នុងប្រទេសកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ត្រូវបានសម្របសម្រួលដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង (TSGM)។ ហើយដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃ «សន្និសីទអន្តរជាតិស្តីពី ការប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព» ដែលចាប់ផ្តើមពីថ្ងៃនេះ គឺថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។
សារមន្ទីរវាលពិឃាតជើងឯក ឬ ជើងឯកជាទីតាំងនៃអតីតវាលចំការ និងរណ្តៅដ៏ធំធេង របស់ជនរងគ្រោះដោយរបបខ្មែរក្រហម ដែលត្រូវបានសម្លាប់នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ដែលមានចម្ងាយប្រហែល១៧ គីឡូម៉ែត្រខាងត្បូងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា។ វាគឺជាកន្លែងដែលល្បីបំផុត ដែលមានឈ្មោះថា «វាលពិឃាត» ដែលរបបខ្មែរក្រហម បានសម្លាប់ប្រជាជនជាងមួយលាននាក់ នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
សូមរំលឹកថា ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃ «គម្រោងស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារ សារមន្ទីរទួលស្លែង ទៅក្នុងប្រព័ន្ធកុំព្យូទ័រ» ដែលទទួលបានការផ្តល់ហិរញ្ញទានជំនួយឥតសំណង ពីទីភ្នាក់ងារកយកា-KOICA។
អង្គការយូណេស្កូ កំពុងអនុវត្តគម្រោងនេះ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃកម្ពុជា ដែលជាគម្រោងរួមមាន ការអភិរក្ស និង ធ្វើឌីជីថលបណ្ណសារ នៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
ប័ណ្ណសារទាំងនេះ ត្រូវបានគេទទួលស្គាល់ថា ជាបេតិកភណ្ឌឯកសារពិភពលោក ដែលមានសារៈសំខាន់ជាអន្តរជាតិ ហើយត្រូវបានចារិកនៅលើ ការចងចាំរបស់ អង្គការយូណេស្កូ ដែលបានចុះឈ្មោះទទួលស្គាល់ ជាអន្តរជាតិ ក្នុងឆ្នាំ២០០៩។
គម្រោងនេះ មានគោលបំណង រំលឹកឡើងវិញ នូវការចងចាំទាំងនោះ តាមរយៈការបង្កើតគេហទំព័រ ដោយប្រើប្រភពជំនួយ ដើម្បីបង្កើតទំនាក់ទំនងបន្ថែមរវាងឯកសារ និងការបង្កើតកន្លែងពហុព័ត៌មាន ក្នុងឯកសាររដ្ឋបាលមន្ទីរស២១ រូបថត ចម្លើយសារភាពរបស់មនុស្ស ដែលជាប់ពន្ធនាគារនៅគុកទួលស្លែង (ស-២១) និងមនុស្សដែលត្រូវបានគេសម្លាប់នៅទីនោះ ឬនៅវាលពិឃាតជើងឯក៕