(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ ដោយស្នើឱ្យភាគីពាក់ព័ន្ធទាំងនេះពិចារណារួមគ្នាបង្កើត «សមាគមអាកាសចរណ៍» ដើម្បីចូលរួមការផ្សព្វផ្សាយ និងពង្រីកការហោះហើរត្រង់បន្ថែម ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗនៅជុំវិញពិភពលោក។
លោក ថោង ខុន បានឱ្យដឹងថា នេះជាលើកដំបូងហើយ ដែលក្រុមការងារជំនាញនៃក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងបណ្តាក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជាប្រមាណ ៥ក្រុមហ៊ុន បានបើកកិច្ចពិភាក្សាពង្រឹងគុណភាពសេវាទេសចរណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ការចូលរួមការផ្សព្វផ្សាយ និងសិក្សាពិគ្រោះពិនិត្យអំពីទីផ្សារគោលដៅទេសចរណ៍សំខាន់នៅក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំនោះ លោក ថោង ខុន បានស្នើឱ្យបណ្តាភាគីពាក់ព័ន្ធសហការបង្កើត «សមាគមអាកាសចរណ៍» ដើម្បីងាយស្រួលក្នុងការពិគ្រោះ និងដោះស្រាយការងារពាក់ព័ន្ធនឹងឧស្សាហកម្មធ្វើដំណើរផ្លូវអាកាសឱ្យបានរលូន។
លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈការបង្កើតសមាគមនេះ នឹងជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ខិតខំផ្តល់សេវាល្អ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀត រួមមាន៖ ការរៀបចំទស្សនាវដ្តីផ្សព្វផ្សាយការហោះហើរក្នុងស្រុក វីដេអូផ្សព្វផ្សាយពីកម្ពុជា ការប្រកាសព័ត៌មាននៅលើយន្តហោះឱ្យបានច្រើនភាសា ស្របនឹងប្រភេទអ្នកដំណើរ ការផ្តល់ដំណឹងអំពីការពន្យារពេល និងសូមកុំឱ្យមានការលុបជើងហោះហើរញឹកញាប់។
ព្រមជាមួយនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក៏បានស្នើដលស្ថាប័នមានសមត្ថកិច្ចពិចារណាលើការកាត់បន្ថយពន្ធនានា ពាក់ព័ន្ធលើការចុះចតនៅតាមព្រលានយន្តហោះអន្តរជាតិ និងជួយអន្តរាគមន៍ទៅប្រទេសគោលដៅមួយចំនួនអំពីម៉ោងហោះហើរ និងចុះចតផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសថៃ វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ភូមា អាស៊ានបូកបី អារ៉ាប់ជាដើម។
នាឱកាសនោះ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ត្រូវសិក្សាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ ក្នុងនោះមានរដ្ឋធានីប៉េកាំង និងខេត្តសំខាន់ៗរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំការនៅទីនោះ និងគោលដៅទេសចរណ៍ដែលមានសក្តានុពល។
ចំពោះគោលដៅនៅប្រទេសជប៉ុន មានដូចជារាជធានីតូក្យូ ទីក្រុងអូសាកា ទីក្រុងហ៊្វុយកូកា ចំណែកគោលដៅនៅប្រទេសឥណ្ឌា មានដូចជារដ្ឋធានីញូដេលី កាលកូតា រដ្ឋអាសាំជាដើម។ ក្រៅពីនោះ នៅមានគោលដៅទេសចរណ៍នៅប្រទេសកូរ៉េខាងត្បូង ប្រទេសស្រីលង្កាជាដើមផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានស្នើដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ សូមឱ្យមានការជួបប្រជុំគ្នាជាមួយក្រសួងទេសចរណ៍ឱ្យបានញឹកញាប់ផងដែរ៕