(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ព្រមទាំងអ្នកជំនាញមកពីប្រទេសស៊ុយអែតផងនោះ បានទទូចដល់ប្រជាពលរដ្ឋនៅកម្ពុជាប្រើប្រាស់របស់របរ ឬសម្ភារនានាឱ្យអស់ពីលទ្ធភាព ជៀសវាងការប្រើប្រាស់ខ្ជីខ្ជា ហើយយកទៅបោះចោលបង្កឱ្យមានកំណើនសំរាម ដែលអាចផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងសំណល់សូន្យ (How to go Zero Waste?) អមជាមួយកិច្ចពិគ្រោះយោបល់លើផែនការយុទ្ធសាស្រ្ត Clean និង Green ឆ្ពោះទៅ Sea Game ឆ្នាំ២០២៣ ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងចង់ធ្វើការផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងសំណល់សូន្យ (Zero Waste) ដើម្បីចូលរួមចែករំលែកក្នុងការថែរក្សានូវបរិស្ថានឲ្យបានស្អាត និងជួយកាត់បន្ថយការចំណាយផ្សេងៗ ព្រោះថាសំណល់ខ្លះវាអាចយកទៅកែច្នៃបានសម្រាប់ប្រើប្រាស់បន្ត ហើយសំណល់ខ្លះទៀតក៏អាចលក់បាន។
លោកបានបន្តថា ទន្ទឹមនឹងការផ្សព្វផ្សាយពីបទពិសោធន៍ក្នុងការគ្រប់គ្រងសំណល់សូន្យនេះដែរ ក៏មានការពិគ្រោះយោបល់លើផែនការយុទ្ធសាស្ត្រមួយ ស្ដីពី Clean និង Green ដោយកម្ពុជាត្រូវត្រៀមខ្លួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បរិស្ថាន និងសេវាកម្មផ្សេងៗជាច្រើនទៀត ដើម្បីទទួលស្វាគមន៍ភ្ញៀវមកពីបណ្ដាប្រទេសជាងច្រើន ដែលនឹងធ្វើដំណើរមកកម្ពុជា ក្នុងកម្មវិធី Sea Game ឆ្នាំ២០២៣ នាពេលមុខ ដោយចង់បង្ហាញឲ្យពួកគេស្គាល់ពីកម្ពុជា និងឲ្យគេសរសើរនៅពេលដែលគេធ្វើដំណើរត្រឡប់ទៅវិញ។
លោកបានបញ្ជាក់ថា «ទិវាពិភពលោកស្អាត (World Clean Updays) គឺបានធ្វើឡើងហើយ ដោយលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដោយក្នុងឱកាសនោះគេអាចកៀរគរមនុស្សបានជាង ៨លាននាក់ ក្នុងមួយថ្ងៃ ដែលមានប្រទេសចំនួន ១៥៨ប្រទេស ចូលរួមក្នុងការប្រារព្ធពិធីនេះឡើង។ ដោយឡែក សម្រាប់នៅឆ្នាំនេះកម្ពុជាក៏បានកំណត់ធ្វើនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ផងដែរ»។
ក្នុងបទពិសោធន៍ជាង២០ឆ្នាំ លោក Pal Martensson (ជនជាតិស៊ុយអែត) អ្នកជំនាញគ្រប់គ្រងសំណល់សូន្យ បានពន្យល់ថា «នៅពេលដែលយើងនិយាយពីការគ្រប់គ្រងសំណល់សូន្យ (Zero Waste) គឺមិនមែនការដុត និងការកប់នោះទេ ហើយមួយទៀតនោះ គឺយើងត្រូវធ្វើយ៉ាងណាទាញនូវតម្លៃរបស់សំណល់ផ្សេងៗ ដែលបានក្លាយជាកាកសំណល់ ព្រោះថាការដុត គឺយើងមិនអាចបំបាត់វាទាំងអស់នោះទេ គឺយើងអាចបំបាត់វាបានត្រឹមតែ ៧៥ភាគរយប៉ុណ្ណោះ ដោយវានៅសល់សំណល់ចំនួន ២៥ភាគរយមកវិញ ក្រោយធ្វើការដុតផងដែរ»។
លោកចង់ឲ្យមនុស្សទាំងអស់ចូលរួមរក្សា និងសន្សំជាមួយនឹងការប្រើប្រាស់របស់របបប្រចាំថ្ងៃ ដោយត្រូវព្យាយាមប្រើវាឲ្យអស់ពីលទ្ធភាពរបស់វត្ថុនោះ ដោយវាអាចជួយកាត់បន្ថយនូវបញ្ហាជាច្រើន ដូចជា បរិស្ថាន អនាម័យ សន្សំហិរញ្ញវត្ថុផ្ទាល់ខ្លួន បានដោយមិនចាំបាត់ត្រូវចំណាយទិញរបស់របបទៀត កាត់បន្ថយឧស្ម័ន ព្រោះនៅពេលដែលវាមានសំណល់ហើយយកវាទៅដុត នោះហើយដែលវាប៉ះពាល់ និងអាចសន្សំការបង់លុយនៅពេលដែលនាំចេញនូវកាកសំណល់ផងដែរ។
លោក Pal Martensson បានបន្តថា នៅពេលដែលមនុស្សងាកមកចាប់អារម្មណ៍នូវការកាត់បន្ថយ និងព្យាយាមធ្វើឲ្យវាក្លាយជាសំណល់សូន្យបាននោះ វានឹងធ្វើឲ្យបរិស្ថាននៅជុំវិញខ្លួនមានភាពល្អប្រសើរ ដោយមិនមានសំណល់ណាមួយធ្វើខាត់បង់ និងប៉ះពាល់ក្នុងប្រទេសនីមួយៗផងដែរ៕