(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រ ដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២០ខាងមុខនេះ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ ដែលមានប្រមុខរដ្ឋ ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីជាង៣០រូប អញ្ជើញចូលរួមប្រជុំ។ រដ្ឋមន្រ្តីបានបញ្ជាក់ថា «កិច្ចការនេះនៅឆ្នាំ២០២០ រាជរដ្ឋាភិបាលរបស់យើងនឹងមានការងារមមាញឹកច្រើន ទាក់ទងទៅនឹងការរៀបចំទីកន្លែងប្រជុំ និងកិច្ចការការពារសុវត្ថិភាពរបស់ប្រមុខដឹកនាំ នៃបណ្ដាលប្រទេសដែលបានមកចូលរួមប្រជុំនៅប្រទេសកម្ពុជារបស់យើង»។
ការថ្លែងឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ខណៈលោក និងលោកស្រី អមដំណើរដោយក្រុមការងារ ព្រមទាំងអាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញសម្ពោធអាគារសិក្សាមួយខ្នងមាន ៥បន្ទប់ នៃសាលាបឋមសិក្សាកណ្ដាលកោះត្បូង ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមលោករដ្ឋមន្ត្រី ការដែលប្រទេសកម្ពុជារបស់យើងទទួលជាម្ចាស់ផ្ទះ ក្នុងកិច្ចការប្រជុំអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំ២០២០ខាងមុខនោះ គឺជាបន្ទុកមួយយ៉ាងធំធេង ហើយក៏ជាមោទនភាព ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាយើងទទួលប្រមុខរដ្ឋប្រមាណជា៣០នាក់ ក្នុងថ្ងៃតែមួយ។ ទាំងនេះអាចសបញ្ជាក់ឲ្យឃើញថា វាជាកិត្តិយសសម្រាប់ប្រទេសកម្ពុជាយើង ដែលមានសុខសន្តិភាព ធ្វើឲ្យមានទំនុកចិត្តដល់បណ្ដាលប្រទេសផ្សេងៗ មកចូលរួមប្រជុំនាពេលខាងមុខនោះផងដែរ។
ពាក់ព័ន្ធនឹងការសម្ពោធអាគារសិក្សាមួយខ្នងមាន ៥បន្ទប់ នៃសាលាបឋមសិក្សាកណ្ដាលកោះត្បូង ឃុំកោះសូទិន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដោយសារតែពិភពលោកកំពុង តែមានការរីកចម្រើនជឿនលឿន ទើបនៅក្នុងឱកាសនេះ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជួយស្ថាបនានូវអគារសិក្សាមួយខ្នងមាន ៥បន្ទប់ឡើង ក្នុងគោលបំណងដើម្បីពង្រីកចំណេះដឹងដល់ សិស្សានុសិស្ស ស្រូបយកចំណេះដឹង ដើម្បីដើរឲ្យទាន់នៃសម័យកាលទំនើបនេះ។
លោកថា សម័យនេះខុសពីសម័យសតវត្សទី២០ ដែលប្រទេសមួយខ្លាំង បានរំពឹងទៅលើធនធានធម្មជាតិច្រើន ប៉ុន្តែនៅសតវត្សទី២១នេះ គេហៅថាសម័យសេដ្ឋកិច្ចពុទ្ធិ បានន័យថា សេដ្ឋកិច្ចដោយប្រើខួរក្បាល អ្វីដែលសំខាន់នោះ គឺប្រជាពលរដ្ឋមានការចេះដឹង ដូច្នេះហើយទើបរាជរដ្ឋាភិបាលប្រឹងប្រែងពង្រឹងលើវិស័យប្រព័ន្ធអប់រំ ចាប់ផ្ដើមពីថ្នាក់បឋមសិក្សានេះ រហូតដល់ថ្នាក់មហាវិទ្យាល័យ៕