(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានជំរុញឱ្យក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់លើវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ពីការហូបស្អាត ផឹកស្អាត រស់នៅស្អាតក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីជាចំណែកក្នុងការកាត់បន្ថយជំងឺ និងឈានដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។
លោក សុក ហៃ បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យថ្នាក់ខេត្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន មន្ទីរអង្គការដៃគូអភិវឌ្ឍន៍ និងអភិបាលក្រុង ស្រុកជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីឆ្លុះបញ្ចាំងការងារ ដែលបានអនុវត្តនៅក្នុងត្រីមាសទី២ នឹងការចែករំលែកព័ត៌មានពិភាក្សាស្វែងរកបញ្ហា ដែលកើតមានឡើងនៅសហគមន៍ និងស្វែងរកដំណោះស្រាយ។ ពិភាក្សាអំពីការរៀបចំបង្កើតក្រុមបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទនៅថ្នាក់ស្រុក។ ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យជនបទ។
លោក សុក ហៃ ក៏បានស្នើឱ្យអង្គការ NGO ពេលប្រជុំប្រចាំខែត្រូវផ្ដល់របាយការណ៍លទ្ធផលដល់ស្រុក និងថ្នាក់ខេត្ត ដូចជា ក្នុងការសាងសង់អណ្ដូងស្នប់ នៅតាមមូលដ្ឋាន និងនៅតាមមណ្ឌលសុខភាព ផ្ដល់ធុងចម្រោះ និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រ និងលើកបញ្ហាប្រឈមផ្សេងៗបាន ដោយសារចំណេះដឹងរបស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិត ប្រជាជនក្រីក្រ និងជនងាយរងគ្រោះមួយចំនួននៅសហគមន៍ជនបទ គ្មានលទ្ធភាពសាងសង់បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ការអប់រំ និងផ្សព្វផ្សាយនូវចំណេះដឹងពីការលើកកម្ពស់សុខភាព និងអនាម័យនៅជនបទពុំទាន់បានទូលំទូលាយនៅឡើយទេ។
លោកបានបញ្ជាក់បន្ថែមទៀតថា ដោយមានការខិតខំប្រឹងប្រែងរវាងមន្ទីរនានា និងអង្គការដៃគូធ្វើបានឲ្យប្រជាពលរដ្ឋមានការផ្លាស់ប្ដូរឥរិយាបថនៅក្នុងសហគមន៍ ដែលគាត់ត្រូវបានកែលម្អ ពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ជាមួយអាជ្ញាធរនៅថ្នាក់មូលដ្ឋានបានល្អប្រសើរជាងមុន ដើម្បីគាំទ្រអនុវត្តផែនការសកម្មភាពរបស់ខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាតសុខភាព និងអនាម័យនៅជនបទឆ្នាំ ២០១៩ ដល់ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
លោក សុក ហៃ ក៏បានស្នើឲ្យថ្នាក់ក្រុង ស្រុក ត្រូវលើកយករបៀបវារៈ ស្តីពីអនាម័យទឹកស្អាត នឹងសុខភាពមកដាក់ប្រជុំប្រចាំខែ ហើយបន្តរបញ្ច្រាបដល់ថ្នាក់ភូមិ ឃុំ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ពីការហូបស្អាត ផឹកស្អាត រស់នៅស្អាតក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីជាចំណែកក្នុងការកាត់បន្ថយជំងឺ និងឈានដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។ ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវជួយយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាព និងកៀគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានា ក្នុងការលើកកំពស់សុខភាព ហើយអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានាឱ្យមានអនាម័យស្អាត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាន នៅតាមគ្រឹះស្ថានសិក្សា និងសាលាចំណេះទូទៅផ្សេងៗ៕