(កោះកុង)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តកោះកុង ដែលបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក សុខ សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត រួមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
វេទិកាសន្ទនានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យអង្គការសង្គមស៊ីវិលបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពថែមទៀតជាមួយភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល សំដៅចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។ អង្គវេទិកានេះក៏បានផ្តល់ឱកាសឱ្យអង្គការសង្គមស៊ីវិលជជែកពិភាក្សាយ៉ាងទូលំទូលាយនិងដោយត្រង់ទៅត្រង់មកជាមួយអាជ្ញាធរពាក់ព័ន្ធ អំពីបញ្ហាប្រឈមនិងសំណូមពរជាក់ស្តែងដែលអង្គការសង្គមស៊ីវិលបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។
នៅក្នុងអង្គវេទិកាសន្ទនាកាលពីព្រឹកមិញនេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់អង្គការសង្គមស៊ីវិល ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងមក។ លោកបានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលអង្គការសង្គមស៊ីវិលសម្រេចបាន គឺជាសមិទ្ធផលរួមទាំងអស់គ្នា ដែលតែងតែមានការចូលរួមចំណែកយ៉ាងសំខាន់ពីរាជរដ្ឋាភិបាល តាមរយៈការធានាឱ្យមានសុខសុវត្ថិភាពនិងស្ថិរភាពទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាការសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។
លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តកោះកុងនេះ យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន ហើយត្រូវធ្វើការចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមនីតិវិធី រួមទាំងការចុះបញ្ជីពន្ធដារ ដើម្បីអង្គការសង្គមស៊ីវិលអាចទទួលបាននូវការការពារដោយច្បាប់ និងការអនុគ្រោះពន្ធផ្សេងៗផងដែរ។ ជាងនេះទៀត លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់ ទទួលស្គាល់នូវគុណតម្លៃរួមក្នុងការអនុវត្តការងារ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្ថែមទៀត ជាពិសេសត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងបង្កើតភាពដៃគូដោយឆន្ទៈស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។