(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូនៃសេវាកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការព្រួយបារម្ភរបស់សង្គមស៉ីវិល អំពីការផ្តល់ឥណទានដល់ពលរដ្ឋខ្មែរ ជាទិដ្ឋភាពនយោបាយច្រើនជាង មិនមែនជាទិដ្ឋភាពសង្គមទេ។
ការថ្លែងរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងបន្ទាប់ពី អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដោយបានបង្ហាញថា កម្រិតបំណុលរបស់ប្រជាពលរដ្ឋខ្មែរ បានកើនឡើងកាន់តែខ្លាំងឡើងៗ។ ប្រការនេះ អាចបណ្តាលឲ្យកើតមានការរំលោភសិទ្ធិមនុស្សជាច្រើន រួមមាន ការលក់ដីដោយបង្ខំចិត្ត ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល។
អង្គការលីកាដូ និងសមាគម ធាងត្នោត បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាចំនួន ២.៣៨២លាននាក់ បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួនជាង ៨ពាន់លានដុល្លារ ហើយការសិក្សានេះបានធ្វើនៅក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ រួមទាំងទីក្រុងភ្នំពេញ ផងដែរ។ នេះបើយោងតាមរបាយការណ៍ របស់អង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត មានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ»។
បើតាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត ត្រូវបានធ្វើឡើង ដោយផ្អែកលើទិដ្ឋភាពនយោបាយច្រើនជាង ការយកមូលដ្ឋានសង្គមទៅធ្វើជាទឡ្ហីករណ៍។ លោកបានស្នើដល់សង្គមស៉ីវិលទាំងពីរនេះ ធ្វើការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ មុននឹងផ្សព្វផ្សាយរបាយការណ៍អ្វីមួយ។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «ការព្រួយបារម្ភរបស់សង្គមស៉ីវិល ជាទិដ្ឋភាពនយោបាយច្រើនជាង មិនមែនជាទិដ្ឋភាពសង្គមទេ ព្រោះកាលណាសង្គម គេយក៥០បូក១។ បើមានបញ្ហា ៥០បូក១ អាហ្នឹងបានមានបញ្ហាចោទ តែបើ១% ហើយយើងយកមក...ដូចឧបមាថា ឥឡូវគាត់មាន២៨នាក់ មានបញ្ហាក្នុងចំណោម ២,៥លាននាក់ អាហ្នឹងវាជាស្អី។ អាហ្នឹងវាអត់ត្រូវទេ សូមឱ្យធ្វើការសិក្សា ផ្អែកលើវិទ្យាសាស្ត្រផង ហើយកុំយកចំណុចនេះទៅវាយគេ»។
ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្តុកម្ពុជា (CMA) ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ ជុំវិញរបាយការណ៍មួលបង្កាច់ របស់អង្គការលីកាដូ និងសមាគមធាងត្នោតផងដែរ។ សមាគម បានបញ្ជាក់ថា ក្រោយពីបានត្រួតពិនិត្យជាបឋម ទៅលើរបាយការណ៍របស់អង្គការលីកាដូ និងសមាគមធាងត្នោត ក្រោមចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យដាក់បញ្ចាំ» រួចមកមើលឃើញថា របាយការណ៍នេះជាការមួលបង្កាច់ទាំងស្រុង ទៅលើការអនុវត្តន៍ការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) នៅកម្ពុជា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទាមទារឲ្យអ្នកសរសេររបាយការណ៍នេះ សហការជាមួយនឹងសមាគម ក្នុងគោលបំណងផ្តល់នូវរូបភាពពេញលេញ អំពីការពិតនៃការផ្តល់កម្ចី នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា របាយការណ៍របស់អង្គការទាំង២នេះ បានបង្ហាញអំពីរូបភាពអវិជ្ជមានយ៉ាងខ្លាំង ចំពោះការផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់សំណាកគម្រូ (Sample) ដ៏តូចមួយ ដែលមានរូបភាពអ្នកខ្ចីប្រាក់អនាមិក ដើម្បីមួលបង្កាច់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ក្នុងរូបភាពគ្មានការពិត និងអវិជ្ជមាន៕