(ព្រះសីហនុ)៖ សាខាកាំកុងត្រូលខេត្តព្រះសីហនុដឹកនាំដោយលោក ជា ប៉ិច អនុប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរផែនដី បានចុះត្រួតពិនិត្យមុខទំញម្ហូបអាហារ បន្លែគ្រឿងសមុទ្រ ជ្រក់គ្រប់ប្រភេទ ត្រី ភេសជ្ជៈជាច្រើនមុខ ដែលដាក់តាំងលក់នៅផ្សារពាណិជ្ជកម្ម ផ្សារទំនើបជនជាតិចិន និងតាមដេប៉ូលក់ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

សម្រាប់យុទ្ធនាការនាព្រឹកមិញ ក្រុមការងារ ពុំរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ឬមានផ្ទុកសាធាតុគីមីមួយមុខណាឡើយ។

លោក ជា ប៉ិច បានថ្លែងប្រាប់ព័ត៌មាន Fresh News ថា ការចុះត្រួតពិនិត្យដោយមន្រ្តីរបស់លោក ដែលបានពិនិត្យទៅលើមុខទំនិញជាច្រើនប្រភេទ តាមបណ្តាផ្សារលក់ម្ហូបអាហារប្រចាំថ្ងៃ ផ្សារទំនើប និងតាមដេប៉ូ ដោយក្រុមការងារបានពិនិត្យ និងធ្វើតេសទៅលើម្ហូបចំណី អាហារ គ្រឿងសមុទ្រ បន្លែដូចជា៖ ជ្រក់គ្រប់ប្រភេទ សណ្ដែកបណ្ដុះ តៅហ៊ូ ផ្អក ប្រហុក គ្រឿងកំប៉ុងជាច្រើនមុខទៀត ដោយរកពំឃើញមានសារធាតុគីមី ឬហួសកាលបរិច្ឆេតនោះទេ។

លោកអនុប្រធានបានបន្ដទៀតថា ការធ្វើតេស្តដោយរកមិនឃើញមុខទំនិញ ដែលហួសការបរិច្ឆេទ និងមុខទំនិញ បន្លែ ម្ហូបអាហារ ដែលគ្មានសារធាតុគីមី ដោយសារនៅខេត្តព្រះសីហនុ ត្រូវបានមន្រ្តីជំនាញ បានចុះពិនិត្យជាញឹកញាប់ ហើយប្រជាពលរដ្ឋ ក៏ដូចអាជីវករមានការយល់ដឹងច្រើន ដូច្នេះពួកគាត់មិនយកទំនិញដែលខូចគុណភាព និងហួសកាលរបរិច្ឆេទ យកមកតាំងលក់នោះទេ។

ជាចុងក្រោយ អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋរួមសហការជាមួយមន្ត្រីជំនាញ ទាំងអស់ដើម្បីឆ្ពោះទៅរកចំណីអាហារ ប្រកបដោយសុវត្ថិភាព ពោលគឺអ្នកផលលិត អ្នកចែកចាយ អ្នកទិញ អ្នកប្រើប្រាស់ រួមទាំងសមត្ថកិច្ចផងដែរមុននិងយកផលិតផលមកដាក់តាំងលក់ត្រូវចេះ មើលកាបរិច្ឆេទឲ្យបានត្រឹមត្រូវ កំយកមុខទំនិញខូចគុណភាពមកដាក់តាំងលក់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ព្រោះ សុខភាពសំខាន់ណាស់ ហើយខុសច្បាប់ថែមទៀត ហើយលោកខំប្រឹងបន្ដដឹកនាំមន្រ្តីរបស់លោក ចុះត្រួតពិនិត្យឲ្យដូចភ្លៀងរលឹម ដើម្បីឲ្យម្ហូបអាហារមានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕