(ភ្នំពេញ)៖ បើនិយាយពីរឿងប្តឹង យើងទាំងអស់គ្នាបានដឹងហើយថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្តឹងបុគ្គល សម រង្ស៊ី ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ ចំពោះបុគ្គល» ទៅកាន់តុលាការបារាំង។
ដោយបណ្តឹងនេះ ធ្វើឡើងជុំវិញសំណុំរឿង នៃការស្លាប់របស់លោក ហុក ឡង់ឌី កាលពី១១ឆ្នាំមុន ដែលបុគ្គល សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោថា ជាមេខ្លោងនៅពីក្រោយការស្លាប់។ ពិតណាស់ថា សម្តេចតេជោ លោកមិនចង់ប្តឹងបុគ្គល សម រង្ស៊ី ដែលជាជនរួមជាតិជាមួយគ្នា ទៅកាន់តុលាការបរទេសនោះទេ ប៉ុន្តែការចោទប្រកាន់របស់បុគ្គល សម រង្ស៊ី នេះ ពិតមិនអាចអត់ឱន ជាដាច់ខាត ហើយម្យ៉ាងទៀត បុគ្គលនេះជាមនុស្សមហាខូច អញ្ចឹងមានតាមទេះកំផ្លាងឲ្យដល់ផ្ទះតែម្តង។
ស្រាប់តែនៅថ្ងៃទី២៣ ខែសីហានេះ សហមេធាវីពីររូបរបស់បុគ្គល សម រង្ស៊ី បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការស្វាគមន៍របស់បុគ្គល សម រង្ស៊ី ចំពោះការប្តឹងរបស់សម្តេចតេជោ ដោយបានលើកឡើងថា ខ្លួននឹងដាក់ភស្តុតាងមួយចំនួនស្តីពីការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗ ដែលចោទថា បានប្រព្រឹត្តដោយសម្តេចតេជោ ហ៊ុន សែន ទៅកាន់តុលាការបារាំងទៅវិញ។
និយាយដល់ចំណុចនេះ ផ្តើមផ្ទុះសំណើច និងជាចំងល់។ ឆ្ងល់ថា បើខ្លួនស្អាតស្អំ និងត្រឹមត្រូវតាមការចោទប្រកាន់ជាសាធារណៈមែននោះ សម រង្ស៊ី គួរណាស់តែបង្ហាញភស្តុតាងច្បាស់លាស់ថា សម្តេចតេជោ ពិតជាមេខ្លោងក្នុងការបញ្ជាឲ្យសម្លាប់ពិតមែន ទៅកាន់តុលាការបារាំង ក្នុងការដោះបន្ទុក និងដើម្បីឈ្នះក្តី។ តែនេះ សម រង្ស៊ី ហាក់ឡប់សតិអស់ ដោយហ៊ានប្រកាសជាសាធារណៈបែបនេះទៅវិញ។
យោងតាមផ្លូវច្បាប់ មិនថាច្បាប់ខ្មែរ ឬបារាំងនោះទេ គឺតម្រូវឱ្យភាគីរងបណ្តឹង ត្រូវបង្ហាញភស្តុតាងសំអាងដើម្បីដោះបន្ទុក និងការពារខ្លួន។ ឧទាហរណ៍៖ បើគេប្តឹងពីគោ គឺត្រូវយកគោមកដោះ មិនមែនយកឆ្កែមកទេ។
ម្យ៉ាងទៀត ការលើកឡើងបែបឡប់ៗរបស់ សម រង្ស៊ី ថានឹងប្រាប់តុលាការបារាំង អំពីការមិនគោរពសិទ្ធិមនុស្ស និងចោទប្រកាន់អំពីឧក្រិដ្ឋកម្មផ្សេងៗ ទៅលើសម្តេចតេជោ ហ៊ុន សែន ដោយប៉ាតណាប៉ាតណីនោះ គឺផ្ទុយពីកម្មវត្ថុ នៃបណ្តឹងដែលសម្តេចបានប្តឹង ហើយច្បាស់ណាស់ថា តុលាការបារាំង ក៏មិនមានចំណាត់ការអ្វីដែរ។
ជាមួយគ្នានេះដែរ ការលើកឡើងរបស់ សម រង្ស៊ី ក៏អាចត្រូវប្រឈមមុខនឹងផ្លូវច្បាប់បន្ថែមទៀត ករណីការចោទប្រកាន់នោះ គ្មានភស្តុតាងច្បាស់លាស់។ ការនេះវាប្រៀបដូចយកអន្ទាក់ មកទាក់កខ្លួនឯងម្តងហើយម្តងទៀត ដូច្នោះដែរ។
សរុបមកបុគ្គល សម រង្ស៊ី ជាមនុស្សថោកទាប ទោះដឹងថាខ្លួនខុស ក៏មិនទទួលកំហុស ហើយតែងប្រឌិតរឿងចោទប្រកាន់ថ្មីៗជានិច្ច និងពោរពេញដោយល្បិចកំហូច៕
ដោយ៖ ជា ច័ន្ទបរិបូរណ៌