(កំពត)៖ លោកសាស្ត្រាចារ្យ យី ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន នៃអនុគណៈកម្មការគ្លីនិកប្រយុទ្ធជំងឺគ្រុនឈាម បានជំរុញដល់មន្ត្រីបម្រើសេវាសុខាភិបាល ទាំងសេវារដ្ឋ ទាំងសេវាឯកជន ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការព្យាបាលជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ។
ការជំរុញបែបនេះ ក្នុងពិធីបើកសិក្ខាសាលស្តីពី «ការត្រួតពិនិត្យតាមដាន និងការការពារជំងឺគ្រុនឈាម» នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពត ដែលចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត, លោកសាស្ត្រា តឹក លីវណ្ណារ៉ា ប្រធានផ្នែកអាគារ "ឃ" នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ, លោកសាស្រ្តាចារ្យ អ៊ុង សុផល នាយករងមន្ទីរពេទ្យកុមារជាតិ, លោកវេជ្ជបណ្ឌិត សុខា តំណាងកម្មវិធីជាតិគ្រុនឈាម, លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងបណ្តាមន្ត្រីសុខខាភិបាលពាក់ព័ន្ធ មកពីថ្នាក់តំបន់ខេត្តកំពត តាកែវ កោះកុង និងកែប។
លោកអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា «ការបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នេះ មានការចូលរួមពីក្រុមគ្រូពេទ្យផ្នែកជំងឺគ្រុនឈាមដែលមកពីកំពត តាកែវ កោះកុង និងកែប ដើម្បីស្វែងយល់កាន់តែច្បាស់នូវប្រភេទជំងឺគ្រុមឈាម ដែលជានិច្ចកាលជំងឺនេះបានរីករាលដាលមកលើកុមារ និងមនុស្សចាស់ ស្ទើទូទាំងប្រទេស»។
លោកបានបន្ថែមទៀតថា បន្ទាប់ពីមានផ្ទុះករណីជំងឺគ្រុមឈាម ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្លាំង ដោយក្រសួងបាននិងកំពុង ជំរុញដល់មន្ទីរសុខាភិបាលទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់ខ្ពស់ដើម្បីរកវិធានការទប់ស្កាត់ បង្ការ និងព្យាបាលដោយគ្រូពេទ្យជំនាញជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយការផ្តល់សេវាក៏ត្រូវការចាំបាច់នូវជំនាញ វិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ជាគ្រូពេទ្យ។
លោកក៏បានជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ សូមកុំយកតួនាទីរបស់ខ្លួនទៅអនុវត្តប្រាសចាកពីក្រមសីលធម៌ វិជ្ជាជីវៈ មិនមែនធ្វើជំនួញ ហើយការព្យាបាលត្រូវមានបទពិសោធន៍ ប្រកបដោយវិជ្ជាជីវៈ ប្រកាន់ភ្ជាប់នូវក្រមសីកធម៌ឲ្យសក្តិសមជាគ្រូពេទ្យបម្រើវេសាជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់។
លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឲ្យដឹងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ក្រុមគ្រូពេទ្យផ្នែកជំងឺគ្រុនឈាមកន្លងមក ឃើញថាលទ្ធផលដែលយើងទទួល បានប្រកប ដោយប្រសិទ្ធភាព ទាំងសេវាឯកជន ទាំងសេវារដ្ឋ ដោយក្នុងនោះយើងបានទទួលផលវិជ្ជមានទាំងសងខាង ហើយការទទួលសេវានេះប្រកបដោយគុណភាព ដែលបានកាត់បន្ថយ បាននូវអត្រាស្លាប់របស់កុមារ ក៏ដូចជាប្រជាពលរដ្ឋទាក់ទងនឹងជំងឺគ្រុនឈាម។
នេះជាផលប្រយោជន៍ ដ៏ធំធេងសម្រាប់ផ្តល់ជូនសង្គមជាតិយើង គឺទទួលបានសេវាមួយប្រកបដោយការពេញចិត្ត ពេញថ្លើមដោយអាចទទួលយកបានទាំងស្រុង។ ផលមួយទៀតគឺបានមកលើមន្ត្រីសុខាភិបាលទាំងអស់ មិនរាប់ទាំងមន្ត្រីសេវារដ្ឋឬសេវាឯកជនទេ។ ចំពោះផលដែលទទួលបានគឺជាស្នាដៃ ជាកិតិ្តយស ជាបច្ចេកទេស ជាបទពិសោធន៍ ជាប្រាក់រង្វាន់ ដែលស្របទៅតាមច្បាប់ ស្របទៅតាមនីតិវិធី ដែលរដ្ឋកំណត់ឲ្យ។
ក្រោយពីថ្លែងបើកសិក្ខាសាលារួចមក គណៈអធិបតី និងសិក្ខាកាមទាំងអស់ ក៏បានអញ្ជើញចុះទៅពិនិត្យមើលកុមារមានជំងឺគ្រុនឈាម ដែលកំពុងសំរាកព្យាបាលនៅអគារពេទ្យកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តកំពត៕