(កំពង់ធំ)៖ លោក ហ៊ុយ សាវឿន ហៅឌេល នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់សម្លៀកបំពាក់កីឡាបាល់ទាត់ចំនួន ៥៨កំប្លេ ជូនដល់ក្រុមក្លឹបកីឡាករបាល់ទាត់យុជននាគរាជ ស្រុកប្រាសាទសំបូរចំនួន ២៩នាក់ ក្នុងម្នាក់ៗទទួលបាន ២សម្រាប់ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ និងគ្រូបង្វឹកឲ្យខិតខំបន្ថែមទៀត ក្នុងការហ្វឹកហាត់ ឲ្យក្លាយខ្លួនទៅជាកីឡាករល្អ មានជំនាញយ៉ាងពិតប្រាកដ និងមានសុខ ភាពរឹងមាំ និងដណ្តើមជោគជ័យនៅថ្ងៃប្រកួតផងដែរ។

ក្នុងពិធីសំណេះសំណាល និងចែកឈុតសម្លៀកបំពាក់កីឡាករបាល់ទាត់ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុត វណ្ណា អភិបាលស្រុកប្រាសាទសំបូរ អភិបាលរងស្រុក លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា, លោក ហ៊ុយ សាវឿន ជាសប្បុរជន និងជាប្រធានអ្នកតំណាងបញ្ជាទិញសម្លៀកបំពាក់ និងជាប្រធានគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន Matalan uk Retailer ប្រចាំប្រទេសកម្ពុជា មេបញ្ជាការផ្នែកសឹករងស្រុក លោកអធិការស្រុក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងបងប្អូនយុវជនកីឡាករជាច្រើនរូបផងដែរ ធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល់ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក អ៊ុត វណ្ណា អភិបាលស្រុកប្រាសាទសំបូរ ក៏សំណូមពរដល់កីឡាករក្លឹបយុវជននាគរាជ ដែលប្រកួតតំណាងឲ្យស្រុកប្រាសាទសំបូទាំងអស់ ត្រូវបន្តខំប្រឹងប្រែងហ្វឹកហាត់ និងបង្កើនសមត្ថភាព ឲ្យខ្លាំងថែមទៀតដើម្បីត្រៀមខ្លួនចូលរួមការប្រកួតនៅពេលខាងមុខនេះ។

លោកអភិបាលស្រុកបានបន្តទៀត នេះជាលើកទីមួយដែលរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះឡើងក្នុងគោលបំណង ចង់ឲ្យយុវជន និងបងប្អូនយើងទាំងអស់ដែលស្រឡាញ់ វិស័យកីឡា ចូលរួមប្រកួតឲ្យបានផុលផុស និងបង្កើនទឹកចិត្តយុវជនរបស់យើង ចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន។

ក្នុងឱកាសដ៏លោកអភិបាលស្រុក តំណាងកីឡាករក្លឹបយុវជននាគរាជស្រុកប្រាសាទសំបូរទាំងអស់ សូមថ្លែងអំណរគុណដល់លោក ហ៊ុយ សាវឿន ហៅឌេល និងភរិយា ដែលបានជួយឧបត្ថម្ភ និងឆ្លៀតពេលដ៏មមាញឹកមកចូលរួមសំណេះសំណាល និងផ្ដល់ជូនឈុតសម្លៀកបំពាក់កីឡាករ ដល់ពួកគាត់ ដោយផ្ទាល់នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល់ខេត្តកំពង់ធំ។ មិនត្រឹមតែវិស័យ កីឡារនោះទេលោក ហ៊ុយ សាវឿន តែងជួយនូវជនក្រីក្រកុមារកំព្រា អណ្តូងទឹក ជាពិសេសប្រជាពលរដ្ឋ ដែលតែងតែជួបការលំបាក និងប្រជាការពារនៅតាមបណ្តាភូមិស្រុកនានា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះមានក្រុមកីឡាមកពីក្រុង ស្រុក មន្ទីរ អង្គភាព និងស្ថាប័ននានាក្នុងខេត្តកំពង់ធំ ចូលរួមចំនួន ២០ក្រុម ចែកជា៤ពូល ការប្រកួតមានលក្ខណៈវិលជុំតាមពូល នីមួយៗ ពេលវេលានៃការប្រកួត គឺចាប់ផ្ដើមពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅទីលានកងរាជអាវុធហត្ថខេត្តកំពង់ធំ ហើយការប្រកួតបន្តបន្ទាប់ គឺរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕