(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានអះអាងថា គ្រោងនឹងដាំកូនឈើលម្អផ្លូវចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប រហូតដល់មុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងលើកកម្ពស់ សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងទេសភាពបៃតងតាមដងផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាបមកកាន់រមណីយដ្ឋានអង្គរ។
គម្រោងនេះមិនត្រឹមតែបង្កើនភាពទាក់ទាញបែបលក្ខណៈធម្មជាតិ ដល់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែក៏បានចូលរួមយ៉ាងសំខាន់ក្នុងការលើកតម្លៃលេចធ្លោរជាសកលនៃរមណីយដ្ឋានអង្គរ តាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមករវាងប្រាសាទ ធម្មជាតិ និងសហគមន៍មនុស្ស។
កូនឈើដែលនឹងត្រូវដាំលម្អតាមដងផ្លូវនេះមានចំនួនជាង ១,០០០ដើម ជាកូនឈើធ្នង់ដែលជាប្រភេទឈើប្រណីត ដែលប្រជាជនខ្មែរទូទៅនិយមចូលចិត្ត។ ការដាំកូនឈើឡើងវិញតាមដងផ្លូវនាពេលនេះ ក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរាទើបធ្វើការជួសជុល និងកែលម្អផ្លូវនេះជាថ្មី ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប។
ជាមួយគ្នានេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងទីធ្លារមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា ក៏នឹងធ្វើការដាំដើមក្រវ៉ាន់ និងដើមឈើប្រភេទផ្សេងមួយចំនួនទៀតនៅតាមដងផ្លូវមុខប្រាសាទអង្គរវត្ត ដែលជាច្រកចូលចំបងសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តដែរ៕