(ស្រីលង្កា)៖ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើន អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ក៏កំពុងតែបង្កើន និងពង្រីកការរកស៊ី របស់ខ្លួននៅកម្ពុជា កាន់តែច្រើនឡើងផងដែរ ដូចនេះចរន្តសាច់ប្រាក់ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ នៅក្នុងការជួយលើកកម្ពស់ដូចជាការពង្រីកការវិនិយោគរបស់ពួកគេ។
ការថ្លែងបែបនេះធ្វើឡើងខណៈពេលដែល ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និងគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយលោក Kapila Jayawardena នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ប្រទេសស្រីលង្កា នៅឯការិយាល័យកណ្ដាលគ្រឹះស្ថានហិរញ្ញវត្ថុ LOLC កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២១០៩។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា នៅកម្ពុជាមានរហូតដល់ទៅ ៧៦micro-finance ទៅហើយ ប៉ុន្តែមិនទាន់មាន micro fanance Islam នៅឡើយទេ លោកថាវាជាឱកាសដ៏ល្អមួយសម្រាប់ គ្រឹះស្ថានហិរញ្ញវត្ថុ LOLC ដើម្បីបើក micro-finance បែបឥស្លាមនៅកម្ពុជា ដែលគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ក៏មាន micro-finance បែបឥស្លាមស្រាប់។
លើសពីនេះគ្រឹះស្ថានហិរញ្ញវត្ថុ LOLC របស់ស្រីលង្កា ក៏មានភាគហ៊ុនរហូតដល់ទៅ៧០ភាគរយ នៅក្នុងស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាសាក់នៅកម្ពុជា។ ជាចុងក្រោយ លោក អូស្មាន ហាស្សាន់ ក៏បានស្នើឲ្យ លោក Kapila Jayawardena នាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ប្រទេសស្រីលង្កា ពិចារណាលើការបើក micro-finance បែបនេះស្លាមនៅកម្ពុជា។
ជាការឆ្លើយតប លោក Jayawardena បានឯកភាព និងទទួលយកអនុសាសន៍របស់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលលោកថានឹងចាត់ឲ្យខាងជំនាញ សិក្សាទៅលើលទ្ធភាពជាក់ស្ដែងដើម្បីធ្វើឲ្យដំណើរការលើរឿងនេះ៕