(ភ្នំពេញ)៖ រយៈពេល១ឆ្នាំមកនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានដឹកនាំគណៈប្រតិភូរបស់ខ្លួន ចុះជួបជាមួយប្រជាពលរដ្ឋចំនួន២៩៥លើក ក្នុងនោះមន្ត្រីលេខាធិការដ្ឋាន ចូលរួមជាអ្នកសង្កេតការណ៍ចំនួន២០០លើក ហើយបានដាក់បញ្ហាទាំងនោះជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន២៥១លើក។

នេះបើតាមរបាយការណ៍របស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងសន្និសីទបង្ហាញលទ្ធផល នៃកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

របាយការណ៍រយៈពេល១២ខែ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា លេខាធិការដ្ឋាន ក៏បានដាក់របាយការណ៍របស់ប្រតិភូគណបក្ស ភ្ជាប់ជាមួយនឹងរបាយការណ៍សង្ខេបរបស់ខ្លួនជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈឧបនាយករដ្ឋមន្ត្រីប្រចាំការ ចំនួន៩០ របាយការណ៍។

បញ្ហាដែលបានដាក់ជូន សម្តេចតេជោ ហ៊ុន សែន រួមមាន៖ ទំនាស់ដីធ្លី, ការរំលោភយកដីរដ្ឋ ជាពិសេសដីគម្របព្រៃឈើ, បទល្មើសព្រៃឈើ, បទល្មើសជលផល, បញ្ហាបរិស្ថាន, ការរំលោភអំណាច, ការចាក់លុបឆ្នេរ បឹង ព្រែក អូរ។ល។

គួរជម្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើង តាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោត ជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕