(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា គិតត្រឹមបំណាច់ឆមាសទី១ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកនៅជនបទចំនួន២.១លាននាក់ បាននិងកំពុងប្រើប្រាស់នូវសេវាឥណទាន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូល របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមប្រធានបទ «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូនៃសេវាកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមអតិថជនទាំង២.១លាននាក់ មានជិត១លាននាក់បានខ្ចីប្រាក់តិចជាង៤លានរៀល។ សម្រាប់ផលប័ត្រឥណទានវិញ មានជាង៦.៤ពាន់លានដុល្លារអាមេរិក។
លោកបន្តថា ក្រៅពីផ្តល់ប្រាក់កម្ចីហើយនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់សេវាសន្សំដល់អតិថិជន២.៥លាននាក់ មានទឹកប្រាក់ប្រមាណជា៣.៤ពាន់លានដុល្លារ។
លោកបន្តថា «កំណើនឥណទានសម្រាប់វិស័យនេះមានប្រហែល ១៧ភាគរយ រីឯការសន្សំប្រាក់វិញមានកំណើនដល់២១ភាគរយ»។
បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០១៨ អត្រាការប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមធ្យមបានបន្តធ្លាក់ចុះដល់១៤.៨ភាគរយសម្រាប់ប្រាក់រៀល និង១០ភាគរយ សម្រាប់ប្រាក់ដុល្លារ។
លោក គា បូរាណ បន្តថា បើតាមរបាយការណ៍ របស់ធនាគារពិភពលោក នៅឆ្នាំ២០១៨ បានបញ្ជាក់ថា កំណើនឥណទានបានជះឥទ្ធិពលជាវិជ្ជមាន ទៅលើក្រុមគ្រួសារទាំងផ្នែកហិរញ្ញវត្ថុ និងសុខមាលភាព។
សូមជម្រាបថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណ១០០គ្រឹះស្ថាន កំពុងបម្រើសេវាផ្តល់ហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋប្រមាណជាង២លាននាក់៕