(ភ្នំពេញ)៖ ប្រតិបត្តិការនៃការកាយគំនរភ្លើង និងបំណែកអគារដែលបានបាក់ស្រុត ដោយសារអគ្គិភ័យវាយប្រហារ ក្នុងអគារសិប្បកម្មផលិតពូក ស្ថិតនៅក្រុមទី៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ នៅឡើយតែកម្ទេចអគារកម្ពស់៦ជាន់មួយទៀតតែប៉ុណ្ណោះ។
ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការកាយគំនរភ្លើងដែលឆេះ ដើម្បីកុំឲ្យរីករាលដាលទៅផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ នៅវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហានេះ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងយ៉ាងដូច្នេះថា «ការកាយគំនរអគារដែលត្រូវភ្លើងឆេះនេះ ត្រូវបានបញ្ចប់ហើយ នៅវេលាម៉ោង១២យប់មិញ។ ឥលូវនេះប្រជាជននៅជិតទីតាំងនោះ លែងព្រួយបារម្ភហុយផ្សេង លែងព្រួយបារម្ភពីរឿងភ្លើងឆាបឆេះ បន្ដទៅដល់ផ្ទះរបស់ពួកគាត់ហើយ ដូច្នេះបងប្អូនយើងបានសម្រុកបាញ់ទឹកផង ឲ្យខាងក្រុមហ៊ុនជួយកាយទម្លាក់ ដើម្បីធ្វើយ៉ាងម៉េចយកកម្ទេចពូក ក្រណាត់ ចេញពីជាន់នីមួយៗទាំងអស់»។
ដោយឡែក សម្រាប់ប្រតិបត្តិការបន្ដទៀតនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នឹងរួមគ្នាសហការជាមួយម្ចាស់ទីតាំង និងក្រុមហ៊ុនដទៃទៀត ដើម្បីឈានទៅកម្ទេចអគារកម្ពស់៦ជាន់ចោលទាំងស្រុង នោះទើបជាការបញ្ចប់ប្រតិបត្តិការទាំងមូលតែម្ដង។ នេះជាការលើកឡើង របស់ទេសរដ្ឋមន្ដ្រី គន់ គីម។
ពាក់ព័ន្ធបញ្ហាអគ្គិភ័យខាងលើនេះដែរ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆេះអគារសិប្បកម្មផលិតពូក ត្រូវបានអន្តរាគមន៍សង្គ្រោះយ៉ាងសកម្មពីសំណាក់ នគរបាលពន្លត់អគ្គិភ័យ ដោយមានកិច្ចសហការគាំទ្រយ៉ាងសស្រាក់សស្រាំ ពីកងពលតូចលេខ៧០ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមហ៊ុន OCIC ក្រុមហ៊ុនស្រាបៀកម្ពុជា និងបុរីប៉េងហួត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥០គ្រឿង។
ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំ នៃអាជ្ញាធរដែនដី និងអង្គភាពជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ ដោយបានចុះផ្ទាល់ ដើម្បីពិនិត្យ និងបញ្ជាដឹកនាំការសង្គ្រោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះអគារសិប្បកម្មខាងលើ អង្គភាពពន្លត់អគ្គិភ័យប្រឈមទៅនឹងកត្តាអវិជ្ជមាន ជាសត្យានុម័តចំនួន០៣ គឺ៖ ទី១៖ ភូមិសាស្រ្តស្មុគស្មាញ ច្រកចូលសង្គ្រោះតូចចង្អៀត មិនអាចចល័តរថយន្តពន្លត់អគ្គិភ័យបានទាន់ពេល, ទី២៖ ចំណុចចាប់ផ្តើមនៃអគ្គិភ័យ គឺស្ថិតនៅចំណុចកណ្តាល នៃអគារសិប្បកម្មដែលធ្វើឲ្យភ្នាក់ងារពន្លត់អគ្គិភ័យ ពិបាកនឹងចូលទៅពន្លត់ដល់គោលដៅ និងទី៣៖ សម្ភារដែលឆេះ សុទ្ធសឹងតែជាសារធាតុងាយឆេះមានល្បឿនឆេះលឿនខ្លាំង ពិបាកពន្លត់ និងបង្កឲ្យមានផ្សែងដែលជាសារធាតុពុល និងខ្វះអុកស៊ីហ្សែន ដូចជាផ្លាស្ទីក កាវ សាំងក្រអូប ក្រណាត់ សំឡី គជាដើម។ តែទោះជាយ៉ាងនេះក្តី ក៏កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានទប់ស្កាត់មិនឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានឡើយ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ហេតុផលខាងលើ បានបញ្ជាក់អំពីវិសាលភាព នៃអគ្គិភ័យនេះ ដែលមានឥទ្ធិពលពុំអាចគ្រប់គ្រងបាន បើទោះបីជាអង្គភាពពន្លត់អគ្គិភ័យប្រើប្រាស់ មធ្យោបាយយ៉ាងច្រើន និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តី។
អ្នកនាំពាក្យបានបញ្ជាក់ទៀតថា ក្នុងនាមកងកម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានសុភវិនិច្ឆ័យ ផ្តល់យុត្តិធម៌ និងគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងពន្លត់អគ្គិភ័យ និងប្តេជ្ញាប្រែក្លាយការគាំទ្រលើកទឹកចិត្តរបស់ សម្តេចតេជោ ឲ្យទៅជាកម្លាំងមុតស្រួច ក្នុងការបន្តជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ ប្រកបដោយភក្តីភាព។
ជាមួយគ្នានេះ ក្នុងនាមកងកម្លាំងបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ សូមថ្លែងអំណរគុណដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងវិស័យឯកជនទាំងអស់ ដែលបានសហការក្នុងប្រតិបត្តិការសង្គ្រោះអគ្គិភ័យ ជាពិសេស ប្រជាពលរដ្ឋរស់នៅជុំទីតាំងកើតហេតុ ដែលបានផ្តល់កិច្ចសហការល្អប្រសើរជាមួយសមត្ថកិច្ច៕