(ភ្នំពេញ)៖ មេឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ឈ្មោះ នូ ឡេន ត្រូវបានភាគីអ្នកទិញអចលនវត្ថុ ដាក់ពាក្យប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ពាក់ព័ន្ធពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ការរំលោភអំណាចក្នុងមុខងាររបស់ខ្លួន ក្នុងការចេញលិខិតផ្ទេរសិទ្ធិកាន់កាប់ពីរលើដីតែមួយ និងមិនអនុវត្តសេចក្ដីសម្រេចតុលាការ នេះបើយោងតាមពាក្យបណ្តឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
នៅក្នុងពាក្យបណ្ដឹងបានរៀបរាប់យ៉ាងដូច្នេះថា «ឈ្មោះ ឆាយ ហុង ជាភាគីអ្នកទិញអចលនវត្ថុក្នុងសំណុំរឿងអនុវត្តលេខ០៩០ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តកណ្តាល បានប្តឹងឈ្មោះ នូ ឡេន ដែលមានតួនាទីជាមេឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល និងបក្សពួក មកកាន់អង្គភាពប្រឆាំង អំពើពុករលួយលើសកម្មភាពមិនប្រក្រតីក្នុងការអនុវត្តមុខងាររបស់ខ្លួន ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយការរំលោភអំណាច និងមិនអនុវត្តសេចក្តីសម្រេចតុលាការ ជាមួយឈ្មោះ យ៉ែម សុភឿន ក្នុងការសមគំនិត។
នៅក្នុងពាក្យបណ្តឹងបានបន្តបញ្ជាក់ថា តុលាការអនុវត្តបានចេញដីកាសម្រេចចាប់ផ្ដើមលក់ដោយបង្ខំលេខ ០០៣ ដកសរ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ និងចេញលិខិតផ្ទុកផ្ដាក់អំពីការរឹបអូសអចលនវត្ថុលេខ០០៨/១៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីជម្រាបជូនទៅមេឃុំទំនប់ធំ ជួយចាត់វិធានការ កុំឲ្យមានការលក់ដូរ ផ្ទេរ ជួល បញ្ចាំ ឬវិធានការយ៉ាងណាកុំឲ្យមានការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន នៃអចលនវត្ថុនេះដោយគ្មានការអនុញ្ញាតពីតុលាការ លើអចលនវត្ថុរបស់កូនបំណុលឈ្មោះ យ៉ែម សុភឿន ដែលមានទំហំដី ៤២.៦២៩.៦០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានលិខិតផ្ទេរសិទ្ធិកាន់កាប់លេខ៤៧៩/០៥ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៥។
ក្នុងអំទ្បុងពេលដែលតុលាការអនុវត្តបាន និងកំពុងបន្ដនីតិវិធីនៃសំណុំរឿងខាងលើ តុលាការអនុវត្តបានផ្ញើលិខិតនានាជូនលោកមេឃុំទំនប់ធំ ដើម្បីឲ្យមេឃុំចាត់ការ ជាសមត្ថកិច្ចតាមនីតិវិធីច្បាប់ តែបែរជាមេឃុំរូបនេះ និងបក្សពួកបានឃុបឃិតគ្នាជាមួយកូនបំណុល ឈ្មោះ យ៉ែម សុភឿន លួចធ្វើលិខិតផ្ទេរសិទិ្ធកាន់កាប់ អចលនវត្ថុដែលមិនទាន់ចុះបញ្ជី លេខ ១៨៩៥/១៩ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ចេញដោយសាលាស្រុកពញាឮ ទៅឲ្យឈ្មោះ ណែម សារឿន (លិខិតផ្ទេរសិទ្ធិថ្មី) ខណៈដែលលិខិតផ្ទេរសិទិ្ធកាន់កាប់ច្បាប់ដើមតម្កល់នៅធនាគារនៅទ្បើយ។ ទង្វើ និងសកម្មភាពរបស់មេឃុំទំនប់ធំ និងបក្សពួក ជាមួយឈ្មោះ យ៉ែម សុភឿន ជាការរំលោភអំណាចក្នុងមុខងាររបស់ខ្លួន ដោយចេញលិខិតផ្ទេរសិទ្ធិកាន់កាប់ ពីរលើដីតែមួយ។
តាមការឲ្យដឹងពីលោកស្រី ឆាយ ហុង ភាគីអ្នកទិញអចលនវត្ថុបានឲ្យដឹងថា ក្រោយពីមានការឃុបឃិតគ្នាលួចធ្វើលិខិតផ្ទេរសិទិ្ធកាន់កាប់អចលនវត្ថុ ដែលមិនទាន់ចុះបញ្ជីខាងលើ មានការដាក់ស្លាកលក់ដី ជាហូរហែដែលអាចនឹងមានការផ្ទេរសិទិ្ធកាន់កាប់ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ជាបន្តបន្ទាប់ ដែលធ្វើជម្លោះដីធ្លីកាន់តែមានលក្ខណៈស្មុគស្មាញ មានការវឹកវរ ដោយសារទង្វើខ្វះការទទួលខុសត្រូវរបស់មេឃុំទំនប់ធំ តាមរយៈការចុះហត្ថលេខាលើលិខិតផ្ទេរសិទិ្ធ ដោយបំពានអំណាចក្នុងមុខងាររបស់ខ្លួន បើទោះបីមេឃុំរូបនេះ បានដឹងថា តុលាការចេញដីកាហាមឃាត់កុំឲ្យមានការលក់-ដូរ ឬផ្ទេរ ដីដែលជាកម្មវត្ថុនៃការអនុវត្តដោយបង្ខំក៏ដោយ។
មេធាវីការពារក្តីឲ្យលោកស្រី ឆាយ ហុង បានថ្លែងប្រាប់ឲ្យដឹងថា ចំពោះបណ្តឹងខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយ បាននិងកំពុងចាត់វិធានការតាមនីតិវិធីច្បាប់។
ជុំវិញបញ្ហានេះអង្គភាពព័ត៌មាន Fresh News មិនអាចសុំការបញ្ជាក់ពីលោក នូ ឡេន មេឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល នៅឡើយទេ៕