(កំពង់ស្ពឺ)៖ ដើម្បីបំពេញភារកិច្ចចាំបាច់បម្រើ ប្រជាពលរដ្ឋតាមមូលដ្ឋាន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ, លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់ឧបករណ៍វាស់វែងទំនើប SINO GNSS T300 Plus ជូនក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធស្រុកឧដុង្គ (ក្រុមទី២) ដើម្បីជំរុញការអនុវត្តការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ឱ្យបានសម្រេចតាមផែនការ ដែលបានគ្រោងទុក។
ឧបករណ៍នេះ មានសមត្ថភាពចាប់បានគ្រប់ប្រព័ន្ធផ្កាយរណប 572channels (GPS GLONASS BEIDOU GALILEIO SBAS)។ អាចប្រើប្រាស់គ្រប់ស្ថានភាពដី Base និង Rover អាចផ្ចាប់គ្នារហូតដល់ទៅ១០០គីឡូម៉ែត្រ ព្រោះឧបករណ៍នេះ អាចប្រើ SIM 4G internet, ប្រព័ន្ធ Radio frequency, Bluetooth, Wifi។ វាអាចបំពេញការងាច្រើនកន្លែងក្នុងពេលតែមួយ ដោយមិនចាំបាច់ប្តូរទីតាំង Base ច្រើនដង និងងាយស្រួលវាស់វែង។
ដោយឧបករណ៍នេះ អាចដាក់បញ្ឈរឱ្យស្ថិតក្នុងស្ថានភាពទេរកម្រិតមុំ៣០ឌឺក្រេ អាចវាស់វែងបានល្បឿនលឿន និងមានកម្រិតលម្អៀងខ្ពស់ (មិនចាំបាច់ដាក់បញ្ឈរត្រង់កែង)។ អាចធ្វើការវាស់វែងបានក្នុងទីតាំងភូមិសាស្រ្តមានបាំងព្រៃស្តួចស្តើង, អាចវាស់ក្រោមដើមឈើបាន, អាចវាស់ក្រោមខ្សែភ្លើងបាន និងអាចវាស់ជ្រុងអគារ។
ឧបករណ៍នេះ មានប្រព័ន្ធកាពារទឹក និងធូលី IP67 ហើយអាចធននឹងការធ្លាក់លើថ្មកម្ពស់២ម៉ែត្រ។ ធានាក្នុងរយៈពេល២ឆ្នាំ និងផ្តល់សេវាជួសជុលទាន់ចិត្ត។
លោកអភិបាលខេត្តបានបញ្ជាក់ថា មន្ត្រីជំនាញត្រូវថែរក្សា ដើម្បីជាសម្ភាររួមសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាទូទៅផងដែរ៕