(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រកាសថា នឹងរៀបចំបង្កើតឱ្យមានផែនការមេ (Master Plan) សម្រាប់រៀបចំគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែល្អប្រសើរជាងមុន ធានាសម្រេចបានកំណើនធនធានមនុស្សក្នុងវិស័យ TVET ទាំងបរិមាណ និងគុណភាព។
បន្ទាប់ពីលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ អាននូវរបាយការណ៍វឌ្ឍនភាព ក្នុងវិស័យការងារ ក៏ដូចជាវឌ្ឍនភាពក្នុងប្រទេសទាំងមូលរួចមក លោក អ៉ិត សំហេង បានលើកឡើងថា វឌ្ឍនភាពទាំងនេះ គឺបានមកដោយសារកត្តាចំបាច់ជាច្រើន ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះ គឺសន្តិភាព ស្ថិរភាពនយោបាយ ដែលកំពុងរក្សាបានក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានលើកឡើងពីសុខដុមនីយកម្ម ក្នុងវិស័យកាត់ដេរ ដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តបញ្ជៀសបាននូវបញ្ហាបាតុភាពនានា ហើយផលិតភាពការងារក៏នៅតែបន្ត ព្រមទាំងកំពុងជំរុញឱ្យមានការបង្កើនផលិតភាពបន្ថែមទៀតផងដែរ។
ចំណែកប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិត ក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៩នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករបានឡើងដល់១៨២ដុល្លារ ហើយសម្រាប់ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាគ្នា ស្ដីពីការកំណត់ប្រាកឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅថ្ងៃស្អែកនេះ។
លោក អ៉ិត សំហេង បានបង្ហាញការព្រួយបារម្ភពីបញ្ហាកង្វះធនធានមនុស្សក្នុងវិស័យ TVET ដែលកំពុងមានការខ្វះខាតក្នុងទីផ្សារការងារបច្ចុប្បន្ន។ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារកំពុង ជំរុញការដោះស្រាយបញ្ហានេះយ៉ាងសកម្ម នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ហើយលោករដ្ឋមន្ត្រីក៏ បាននិងកំពុងចុះជាប់នៅតាមគ្រឹះស្ថានទាំងនោះផងដែរ។
ត្រង់បញ្ហានេះ លោកបានបញ្ជាក់ថា នៅចុងឆ្នាំ២០១៩នេះ ក្រសួងការងារនឹងបង្កើតឱ្យបានផែនការមេ (Master Plan) រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគ្រឹះស្ថាន TVET ទាំងអស់នៅទូទាំងប្រទេស ដោយគិតគូរទៅលើអគារសិក្សា រោងជាង គ្រូបណ្ដុះបណ្ដាល ការបង្រៀនពីបច្ចេកវិទ្យាថ្មីៗសម្រាប់បណ្ដុះបណ្ដាលសិក្ខាកាម សំដៅធ្វើយ៉ាងណាដើម្បីសម្រេចបានធនធានមនុស្សក្នុងវិស័យនេះ ទាំងបរិមាណ និងគុណភាព។
លោកបានបន្តទៀថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបង្កើតឱ្យមានគណៈកម្មការស្ថិតិការងារមួយ ដែលមានឯកឧត្តមផ្ទាល់ជាប្រធាន ក្នុងនោះនឹងរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់ បង្កើតឱ្យមានជនបង្គោលស្ថិតិការងារនៅតាមមូលដ្ឋានការងារនីមួយៗ ព្រោះកន្លងមកការងារបូកសរុបស្ថិតិការងារនៅផ្នែកមួយចំនួន ហាក់នៅមានភាពយឺតយ៉ាវនៅឡើយ៕