(រតនគិរី)៖ លោក លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានស្នើសុំឲ្យមន្រ្តីរាជការទាំងអស់ ត្រូវយកអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានស្នើបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ប្រកាសក្រុមការងារចល័ត និងក្រុមការងារថ្នាក់ក្រុងស្រុក ខេត្តរតនគិរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងកិច្ចប្រជុំផ្សព្វផ្សាយ ឯកសារជំនួយស្មារតី សម្រាប់ក្រុមការងារចុះមូលដ្ឋាន ធ្វើវេទិកាសាធារណៈនៅមូលដ្ឋាន។
នៅក្នុងកិច្ចប្រជុំ លោក លី ធុជ បានណែនាំដល់ សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានខេត្តរតនគិរីទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះមូលដ្ឋាន តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ឲ្យបានទៀតទាត់ និងផ្តោតយកចិត្តទុកដាក់ លើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
*មន្រ្តីរាជការទាំងអស់ត្រូវ យកអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួន (១៖ ត្រូវធ្វើមន្រ្តីបម្រើរាស្រេ្ត ២៖ កុំធ្វើមន្រ្តីជើងដប់ ៣៖ កុំធ្វើមន្រ្តីតួឯក ៤៖ កុំចាំការងាររត់មករកយើង ៥៖ ត្រូវដាក់ខ្លួនឲ្យទាប មាយាទឲ្យខ្ពស់ និងត្រូវម្ចាស់ការ ៦៖ ត្រូវប្រកាន់យកវប្បធម៌សេវាសាធារណៈ ដោយភក្តីភាព និងយកកត្តិយសជាធំ ៧៖ អនុវត្តគោលការណ៍អភិក្រមទាំង៥។
*សមាជិក សមាជិកា ក្រុមការងារក្រុង ស្រុក ទាំងអស់ត្រូវធ្វើផែនការចុះ មូលដ្ឋានឲ្យបានញឹកញាប់ ជាពិសេសរៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់សំណើ សំណូមពរ និងទុក្ខង្វល់របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានច្បាស់ ដើម្បីស្វែងរកដំណោះស្រាយ ជូនពួកគាត់ឲ្យបានទាន់ពេលវេលា (រាល់សំណូមពររបស់ប្រជាពលរដ្ឋ ត្រូវមានដំណោះស្រាយ ឬសេចក្តីបំភ្លឺច្បាស់លាស់ជូនពួកគាត់)។
*ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាទំនាស់ដីធ្លី និងរកវិធីសាស្រ្តដោះស្រាយឲ្យបានសមស្រប (ខេត្តរតនគិរី ជាខេត្ត ដែលមានជនជាតិភាគតិចរស់នៅច្រើន ហើយធ្វើកសិកម្មតាមបែបប្រពៃណីជនជាតិ ដោយដីពួកគាត់កំពុងកាន់កាប់មួយចំនួន ស្ថិតនៅក្នុងតំបន់ហាមឃាត់។
*ត្រូវយកចិត្តទុកដាក់អប់រំ និងណែនាំជនជាតិភាគតិច ឲ្យបានយល់អំពីការវិវត្តន៍របស់សង្គម និងធ្វើការផ្លាស់ប្តូរទំលាប់ ក្នុងការរស់នៅរបស់ពួកគាត់ ដើម្បីកុំឲ្យពួកគាត់ជួបបញ្ហានៅពេលខាងមុខ។
*ធ្វើការផ្សព្វផ្សាយអំពីសមត្ថផលធំៗជាច្រើន ដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា សម្រេចបាន និងសមត្ថផលធំៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា កំពុងខិតខំធ្វើ ដើម្បីជាតិ មាតុភូមិ ( រំដោះប្រទេសជាតិចេញពីរបប ពុល ពត ប្រល័យពូជសាសន៍ ការបង្រួបបង្រួមជាតិ សន្តិភាព ស្តិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ។
*ត្រូវយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ និងមានប្រសិទ្ធភាពបន្ថែមទៀត។
*ត្រូវយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយ ភូមិឃុំមានសវត្ថិភាព ដោយបំបាត់នូវ អំពើចោរកម្ម ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ការបង្រ្កាបល្បែងស៉ីសង និងអំពើហិង្សាក្នុងគ្រួសារ។
*ត្រូវយកចិត្តទុកដាក់ពិនិត្យលើការអនុវត្តគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីធ្វើការកែលម្អកំរិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យកាន់តែមានជីវភាពរស់នៅ កាន់តែប្រសើរឡើងថែមទៀត (ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត និងប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់.
*ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍ណែនាំ សេចក្តីសម្រេច និងចរាចរណ៍ណែនាំផ្សេងៗ របស់ក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល ទៅអនុវត្តឲ្យបានត្រឹមត្រូវ កុំឲ្យផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាលចង់បាន ដែលធ្វើឲ្យមហាជនយល់ច្រឡំ និងមានការអាក់អន់ចិត្តជាមួយរាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោក លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ងី ច័ន្ទផល ប្រធានក្រុមលេខាធិការក្រុមការងារថ្នាក់ជាតិ តំណាង សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារថ្នាក់ជាតិ បានមកចូលរួមណែនាំ ពន្យល់ និងផ្សព្វផ្សាយ ឯកសារជំនួយស្មារតី សម្រាប់ក្រុមការងារ យកទៅរៀបចំវេទិការសាធារណៈ នៅមូលដ្ឋាន ដល់សមាជិក សមាជិកាក្រុមការងារខេត្តរតនគិរី និងសមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្តរតនគិរីទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់កំលាំងកាយ ចិត្ត និងថវិកាផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហា តាមសំណូមពររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន៕