(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកពញាក្រែក។
កិច្ចប្រជុំនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីលោក ហ៊ុយ ហានសុង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក, សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិគ្រប់ភូមិក្នងស្រុកពញាក្រែក សរុបចំនួន ៦០០នាក់។
លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានបញ្ជាក់ជូនពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុក ឃុំ ក្នុងកិច្ចខិតខំកសាង និងអភិវឌ្ឍន៍មូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ព្រមជាមួយការរក្សាឱ្យបាន នូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់ឱ្យខាងតែបាន នូវបាតុភាពអវិជ្ជមានណាមួយ ដែលអាចកើតឡើងជាយថាហេតុ។
បន្ថែមពីនេះ លោកក៏បានជម្រាបជូន ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុក ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបច្ចុប្បន្នរដ្ឋបាលស្រុក បានរៀបចំ និងដាក់ឱ្យដំណើរការយន្ដការច្រកចេញចូលតែមួយ ស្របតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសេចក្ដីណែនាំលេខ ០០១ សណន របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវាសាធារណៈ តាមរយៈការប្រមូលផ្ដុំ ការផ្ដល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ៕