(ស្រីលង្កា)៖ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ប្រជាជនកម្ពុជា មានមោទនភាពដោយបានរស់នៅក្រោមដំបូល នៃសុខសន្តិភាព និងគោលនយោបាយ សុខដុមបនីយកម្មជាតិសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក M. H. Abdul Haleem រដ្ឋមន្រ្តីក្រសួងសេវាកម្មប្រៃសណីយ៍ និងកិច្ចការសាសនាឥស្លាម នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្តថា បើទោះបីជាកម្ពុជា ប្រកាន់យកសាសនា ព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែសាសនាដទៃទៀត ដែលមិនមែនជា សាសនារបស់រដ្ឋ ក្នុងនោះមានអ្នកកាន់សាសនាឥស្លាម ជិត៥ភាគរយ កំពុងតែរស់នៅដោយសុខដុមរមនា ដោយទទួលបាននូវការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល និងមានសិទ្ធិសេរីភាពពេញលេញ នៅក្នុងការប្រតិបត្តិទៅតាមជំនឿសាសនារបស់ពួកគេរៀងៗខ្លួន។
លោកបន្តទៀតថា ដោយមើលឃើញពីការដឹកនាំដ៏ល្អរបស់កម្ពុជា ដែលអាចចាត់ទុកថាជាប្រទេសគំរូក្នុងតំបន់ ទើបធ្វើឲ្យអង្គការសហប្រតិបត្តិការឥស្លាម (OIC) មានការកោតសរសើរ និងបានទទួលស្គាល់ លោកទេសរដ្ឋមន្ត្រី ជាបេសកជនពិសេសតំណាងឲ្យកម្ពុជាប្រចាំនៅអង្គការមួយនេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពីលោកត្រូវបានផ្តល់សេចក្តីទុកចិត្ត និងតែងតាំងដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាមួយគ្នានេះ លោកក៏ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) ផងដែរ កាលពីឆ្នាំ២០១៨។
ជាមួយគ្នានេះ លោក M. H. Abdul Haleem ក៏បានអបអរសាទរចំពោះមោទនភាពរបស់ប្រជាជនកម្ពុជា ដែលមានមេដឹកនាំដ៏ឈ្លាសវៃ និងព្រហ្មវិហារធម៌ចំពោះប្រជាជាជន និងប្រទេសជាតិ និងបានកោតសរសើរចំពោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពទូទៅ ទាំងក្នុងក្របខណ្ឌសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល៕