(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារជំនាញ បានចុះពិនិត្យទីតាំងម៉ាស៉ូនបូមទឹក ចែកជូនប្រជាកសិករបង្កបង្កើនផល នៅតាមគោលដៅទូទាំងខេត្ត និងបានចែកជូនប្រេងម៉ាស៊ូត ជូនដោយផ្ទាល់ដល់ដៃក្នុងស្រែ ដើម្បីលើកទឹកចិត្តឲ្យមានការបង្កបង្កើនផលស្រូវ។
តាមតួលេខរបស់មន្ទីរធនធានទឹក នៅទូទាំងខេត្តកំពង់ស្ពឺមានដាក់ម៉ាស៉ីនបូមទឹកសង្គ្រោះស្រូវ និងសន្ទួងរបស់ប្រជាពលរដ្ឋ ១០កន្លែង ព្រមទាំងស្តារប្រឡាយមេជាច្រើនកន្លែង សម្រាប់នាំទឹកស្រោចស្រប់ស្រែឆ្ងាយៗ។
លោក វ៉ី សំណាង បានឲ្យប្រជាពលរដ្ឋជាកសិករដឹងថា រដ្ឋបាលខេត្តបានជំរុញឲ្យមន្ត្រីជំនាញ បន្តចុះតាមដានជាប្រចាំចំពោះទឹកស្រោចស្រព។ ជាមួយគ្នានេះ ក៏បាននាំប្រេងម៉ាស៊ូត ទៅចែកជូនដល់ក្នុងស្រែ ហើយបន្តចុះគ្រប់មូលដ្ឋានទូទាំងខេត្ត ដើម្បីក្តាប់អំពីការខ្វះខាតទឹកបង្កបង្កើនផល។
លោកអភិបាលបានបញ្ជាក់ដែរថា មន្ទីរជំនាញត្រូវបន្តយកចិត្តទុកដាក់ចំពោះកសិករ ដែលអាស្រ័យកសិកម្មធានាឲ្យបានការប្រើប្រាស់ទឹក និងចុះអប់រំពីវិធីបង្កបង្កើនផល ឲ្យទទួលបានទិន្នផលខ្ពស់ ក្នុងនោះត្រូវឲ្យពួកគាត់បានយល់ពីការប្រើប្រាស់ថ្នាំ និងជីរបស់កសិកម្មឲ្យបាន ត្រូវចៀសវាងការប៉ះពាល់ ចំពោះសុខភាពប្រជាកសិករដែរ៕