(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់លោក ហេ្វង ហ្សេងលិន ប្រធានរដ្ឋបាលអាកាសចរស៊ីវិល នៃសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចូលរួមកិច្ចប្រជុំទ្វេភាគីកម្រិតកំពូលរវាងអាជ្ញាធរអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តិទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

កិច្ចប្រជុំបាននាំមកនូវលទ្ធផលយ៉ាងល្អប្រសើររួមមាន៖

១. ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយជាបន្ថែមទៀត លើវិស័យអាកាសចរស៊ីវិលរវាងអាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ
២. បានចែករំលែកព័ត៌មាននៃភាពរីកចម្រើនយ៉ាងឆាប់រហ័សលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេស ទាំងពីរ និងឯកភាពជំរុញឱ្យមានការហោះហើរកាន់តែច្រើនឡើងថែមទៀត
៣. បានចែករំលែកបទពិសោធន៍នៃដំណើរការសាងសង់អាកាសយានថ្មី ដែលប្រកបដោយបច្ចេកវិទ្យាចុងក្រោយបំផុត
៤. ឯកភាពគោលការណ៌សំខាន់ៗ សម្រាប់ការគាំទ្រផែនការបណ្តុះបណ្តាលធនធានមនុស្ស ដេីម្បីពង្រឹងសមត្ថភាពមន្ត្រី អនុវត្តសុវត្ថិភាពហោះហើរ និងសាងសង់អាកាសយានដ្ឋានរបស់កម្ពុជា។

សូមបញ្ជាក់ជូនថា ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានក្រុមហ៊ុនអាកាសចរចំនួន១៩ ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនអាកាសចរកម្ពុជាមានចំនួន៥ ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរចិនមានចំនួន១៤ ក្រុមហ៊ុន ដែលកំពុងធ្វើការហោះហើរប្រក្រតីរវាងប្រទេសទាំងពីរ។

ការហោះហើរពីរាជធានីភ្នំពេញទៅកាន់ទីក្រុងនានានៅប្រទេសចិនមាន២៨ ទីក្រុង ពីខេត្តសៀមរាប ដល់ទៅ២៨ទីក្រុង និងពីខេត្តព្រះសីហនុ រហូត ដល់ទៅ១៥ ទីក្រុង ដោយក្នុងនោះមានចំនួនជើងហោះប្រក្រតីសរុបប្រហែល ៥០០ ជើងក្នុងមួយសប្តាហ៍៕