(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ WHO ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាល សម្រាប់លើកកម្ពស់វិស័យសុខាភិបាល ឲ្យកាន់តែប្រសើរថែមទៀត។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានរៀបរាប់អំពីវិបត្តិនៃសង្គ្រាមនៅកម្ពុជា ដែលបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជា បណ្តាលឱ្យស្លាប់ របួស និងប៉ះពាល់ដល់សុខភាពប្រជាជននៅតាមតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឆ្លៀតក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីការខិតខំរបស់ រាជរដ្ឋាភិបាលសម្រាប់លើកកម្ពស់វិស័យសុខាភិបាល ឲ្យកាន់តែប្រសើរថែមទៀត៖
* បង្កើតគោលនយោបាយរបបសន្តិសុខសង្គម
* ការពង្រឹងគោលនយោបាយគាំពារទារក និងមាតា តាមរយៈការបង្កើតមណ្ឌលសុខភាពនៅតាមជនបទ និងការជំរុញឱ្យស្រ្តីមានផ្ទៃពោះមកពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីបង្ការហានិភ័យ ផ្សេងៗ ជាពិសេសកាត់បន្ថយការស្លាប់របស់ទារក និងមាតា
* បង្កើតគោលនយោបាយលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២៥
* ការយកចិត្តទុកដាក់ចំពោះសុខភាព អនាម័យនៅទីជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត ធានាឱ្យបាននូវបរិស្ថានរស់នៅស្អាត និងការហូបចុកស្អាត
* ការពង្រឹងការចាក់វាក់សាំងការពារជំងឺឆ្លងនានា
ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត Takeshi Kasai បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកវេជ្ជបណ្ឌិតបានសម្តែងនូវការសោកស្តាយចំពោះផលលំបាកទាំងឡាយដែលបន្សល់ដោយសង្គ្រាម ហើយលោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីន ដែលមានអាជ្ញាធរមីនជាសេនាធិការ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យសកម្មភាពមីន។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់អង្គការ WHO ចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យសកម្មភាពមីន ជាពិសេសការជួយសង្គ្រោះជនរងគ្រោះ។ លោកបានលើកឡើងថា ការិយាល័យអង្គការ WHO ប្រចាំនៅកម្ពុជានឹងបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន៕