(ស្រីលង្កា)៖ ថ្លែងក្នុងជំនួបជាមួយ លោក Buddika Pathirana អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មស្រីលង្កា ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានជម្រាបអំពីសក្តានុពលលើការវិនិយោគគ្រប់វិស័យនៅកម្ពុជា។
ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ និងស៊ីជំរៅថែមទៀត ជាពិសេសការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការវិនិយោគឧស្សាហកម្មហាឡាល់នៅកម្ពុជាដែលជាឧស្សាហកម្មដ៏ធំមួយនៅលើពិភពលោក។
នៅក្នុងជំនួបនេះផងដែរ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបទៅលោករដ្ឋមន្ត្រីឧស្សាហកម្មស្រីលង្កាថា ក្រោយពីបញ្ចប់សង្រ្គាមសុីវិល កម្ពុជាបានអភិវឌ្ឍប្រទេសរបស់ខ្លួនយ៉ាងឆាប់រហ័សដែលបានរក្សានូវកំណើនសេដ្ឋកិច្ចក្នុងរយៈពេលជាង ២០ ឆ្នាំឲ្យស្ថិតក្នុងរង្វង់ជាង ៧ ភាគរយ ហើយក៏បានបញ្ជាក់ផងដែរថា កម្ពុជាសូមលើកទឹកចិត្ត និងជំរុញការវិនិយោគគ្រប់ទម្រង់ ដើម្បីលើកកំពស់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក Buddika Pathirana បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងគណៈប្រតិភូមកកាន់សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ហើយបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។
លោកក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានស្រាប់គឺជាកត្តាមួយសំខាន់ដែរ ក្នុងការពង្រឹងនិងពង្រីកនូវទំហំពាណិជ្ជកម្មបន្ថែមទៀត៕