Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: តុលាការប្រកាសផ្តន្ទាទោសអតីតឧកញ៉ា ហូរ ចំរើន ដាក់ពន្ធនាគារ ២ឆ្នាំ ៦ខែ និងសងលុយទៅដើមបណ្តឹងជិត ១០០លានដុល្លារ (Video inside)

27-08-2019 17:07

(ភ្នំពេញ)៖ អតីតឧកញ៉ា ហូរ ចំរើន ដែលធ្លាប់ត្រូវបានតុលាការប្រកាសផ្តន្ទាទោស ដាក់ពន្ធនាគាររឿងគំរាមបាញ់សម្លាប់ប្រពន្ធនោះ នៅពេលនេះក៏ត្រូវបានតុលាការ បានប្រកាសផ្តន្ទាទោសមួយ ករណីទៀត ពីបទឆបោក ដោយសម្រេចដាក់ពន្ធនាគារចំនួន ២ឆ្នាំ ៦ខែ ហើយសម្រេចឲ្យសងលុយទៅដើមបណ្តឹង (ជនជាតិកូរ៉េ) ជាង៩៧លានដុល្លារ។ នេះបើតាមភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោក ជួន សុជាតិ ដែលបានចូលស្តាប់នៅក្នុងសវនាការនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ។

ការសម្រេចដាក់ទោសទណ្ឌដល់អតីតឧកញ៉ារូបនេះ បានធ្វើឡើងដោយលោក ពេជ្រ វវិជ្ជាធរ ចៅក្រមជំនុំជម្រះ និងលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រៅពីការដាក់ទោសទណ្ឌនៅក្នុងពន្ធនាគារ និងតម្រូវឲ្យសងលុយទៅដើមបណ្តឹងវិញនោះ តុលាការក៏បានសម្រេចឲ្យជនជាប់ចោទធ្លាប់មានងារជា «ឧកញ៉ា» រូបនេះ សងជំងឺចិត្តជូនដើមបណ្តឹងចំនួន ២លានដុល្លារ និងពិន័យចូលរដ្ឋចំនួន៦លានរៀលផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ថៃទី១៤ ខែកម្ភ: ឆ្នាំ២០១៩ សាលាឧទ្ធរណ៍បានបើកសវនាការ ប្រកាសសាលដីកាលើសំណុំរឿង អតីតឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធបទល្មើសចំនួន ២ករណី គឺករណីឆបោក និងចេញសែកស្អុយ ដោយសម្រេចមិនអនុញ្ញាតឱ្យអតីតឧកញ៉ារូបនេះ នៅក្រៅឃុំនោះទេ និងបន្តឃុំខ្លួនក្នុងពន្ធនាគារ តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញដដែល។

ក្រោយការសម្រេច សាលាឧទ្ធរណ៍បានបង្វិលសំណុំរឿងជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី រហូតមានការប្រកាសសាលាក្រមនៅថ្ងៃនេះតែម្តង។

សូមរំលឹកថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ ក្នុងបទចោទ ប្រើប្រាស់អាវុធ បាញ់បោះគំរាមសម្លាប់ប្រពន្ធ ប្រព្រឹត្តនៅក្នុងភូមិគ្រឹះ ដ៏ស្តុកស្តម្ភរបស់ខ្លួន ក្បែរគុកព្រៃស​។

អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធករណី បាញ់បោះជិត ១០គ្រាប់ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕