(កំពង់ធំ)៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ស័ង្កសី និងអង្ករជូនសម្បទានិករបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តជ័យរតនរង្សី (វត្តក្របៅ) ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីនេះ លោក សុខ លូ បានថ្លែងថា ការប្រគល់នូវអង្ករ និងស័ង្កសីជូនសម្បទានិករបស់គម្រោង LASED II នាពេលនេះគឺជាការបន្តគាំទ្រ និងជួយកាត់បន្ថយនូវការលំបាក របស់សម្បទានិកក្នុងអំឡុងពេល ដែលសម្បទានិកចាប់ផ្តើមចូលទៅតាំងទីលំនៅលើដីសម្បទានសង្គមកិច្ចនៅឃុំដូង ដែលរាជរដ្ឋាភិបាលបានរៀបចំបែងចែកជូននាពេលកន្លងមក។
តាមរយៈការទទួលបានស័ង្កសី និងអង្ករនាពេលនេះ លោកបានសំណូមពរឱ្យសម្បទានិកបន្តចូលទៅសង់ជម្រកស្នាក់នៅ និងត្រូវចាប់ផ្តើមដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ ដើម្បីបន្តកសាងជីវភាព ឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។
បើតាមលោកអភិបាលខេត្ត រាជរដ្ឋាភិបាលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ៤លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍជូនបងប្អូនប្រជាពលរដ្ឋនៅលើដីសម្បទានសង្គមកិច្ចនេះ ដើម្បីប្រែក្លាយ ពីគ្រួសារដែលគ្មានដី និងខ្វះខាតដីទាំងនោះ ទៅជាគ្រួសារដែលមានដីលំនៅដ្ឋាន និងមានដីសម្រាប់ផលិតកម្មកសិកម្មប្រកបដោយភាពបៃតង និងពីគ្រួសារក្រីក្រ ទៅជាគ្រួសារដែលមានជីវភាព ធូរធាប្រកបដោយសុភមង្គល និងក្តីសង្ឃឹមទៅអនាគត។
គួរបញ្ជាក់ថា នេះជាការចែកជូននូវសម្ភារគាំទ្រ ដល់កិច្ចដំណើរការចូលតាំងទីលំនៅរបស់សម្បទានិករបស់គម្រោង LASED II បន្ទាប់ពីគម្រោងបានចែកជូននូវសម្ភារៈកសិកម្ម គ្រាប់ពូជបន្លែ និងកូនឈើហូបផ្លែនាពេលកន្លងមក។
តាមផែនការ នាពេលខាងមុខ គម្រោងនឹងបន្តចែកជូននូវសម្ភារមួយចំនួនទៀតដូចជា អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ដើម្បីបន្តគាំទ្រដល់សម្បទានិក ក្នុងការចូលទៅតាំងទីលំនៅដំបូង។
លើសពីនេះ គម្រោងក៏នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុសិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព ។ល។ និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីឱ្យសម្បទានិកមានមុខរបរ និងបន្តលើកស្ទួយជីវភាពរបស់ខ្លួន។ ទន្ទឹមនឹងនោះ គម្រោងក៏នឹងផ្តល់ទុនបង្វិលប្រមាណជា ២៨០ដុល្លារ ជូនសម្បទានិកក្នុងមួយគ្រួសារ ដើម្បីចាប់ផ្តើមបង្កបង្កើនផល ឬបង្កើតមុខរបររបស់ខ្លួន៕