(បាត់ដំបង)៖ ធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលសិក្ខាសាលានេះរៀបចំឡើង ដើម្បីផ្ដល់ឱកាសដល់អ្នកចូលរួមបង្ហាញពីក្ដីកង្វល់លើបញ្ហា នៃការប្រើប្រាស់សេវាពី បណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាធ្វើឲ្យវិស័យមួយនេះ មានសកម្មភាពល្អកាន់តែរឹងមាំ និងគេចផុតពីហានិភ័យផ្សេងៗ។
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានេះ រៀបចំឡើងក្នុងស្រុកសង្កែ ខេត្តបាត់ដំបង និងរៀបចំឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្រោមការចូលរួមពីលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា, មន្រ្ដីធនាគារជាតិនៃកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក រ័ត្ន សុវណ្ណនរៈ ឲ្យដឹងថា វិស័យធនាគារដែលមានតួនាទីជាអ្នកកៀរគរមូលធន គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន ទាំងវិសាលភាព និងទំហំប្រតិបត្តិការ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុ ក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុដូចជា ការផ្តល់សេវាឥណទាន និងការសន្សំ ពិសេសបានផ្ដល់ដល់ទីជនបទដាច់ស្រយាល។
លោកបានបញ្ជាក់ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៩ ទំហំប្រាក់កម្ចីសរុបមានជាង ២៥.៩២ទ្រីលានរៀល ស្មើនឹង៦.៣៧ប៊ីលានដុល្លារអាមេរិក ផ្តល់ឲ្យអតិថិជនខ្ចីចំនួន១.៩៩លាននាក់។ ក្នុងនោះសម្រាប់បា្រក់បញ្ញើវិញមាន១៣.៧៦ទ្រីលានរៀល ស្មើនឹង៣.៣៨ប៊ីលានដុល្លារអាមេរិក ទទួលបានពីអ្នកដាក់ប្រាក់បញ្ញើជាង២.៥២លាននាក់។
លោក ស៊ុ សន្និសិទ្ធ ឲ្យដឹងថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មានតួនាទីគោរពតាមច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន និងគោលការណ៍នៃ កិច្ចការពារអតិថិជន ព្រមទាំងត្រូវប្រុងប្រយ័ត្ន ក្នុងប្រតិបត្តិការឥណទានរបស់ខ្លួន។
លោកបានបន្ដថា ជារួមគ្រឹះស្ថានទាំងអស់ជាគ្រឹះស្ថានឯកជន ស្វែងរកប្រាក់ចំណេញ ដើម្បីនិរន្តរភាពហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការបន្តផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋ។ ដូច្នេះពលរដ្ឋដែលខ្ចីប្រាក់ពី គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុណាមួយ ត្រូវតែមានកាតព្វកិច្ចសងប្រាក់កម្ចីឲ្យគ្រឹះស្ថាននោះវិញ។
លោកបានបន្ថែមថា ប្រព័ន្ធហិរញ្ញវត្ថុមួយកាន់តែមានភាពរឹងមាំបានគឺ នៅពេលដែលអ្នកខ្ចី និងអ្នកឱ្យខ្ចីរួមគ្នា ក្នុងការការពារខ្លួនពីបញ្ហាទាក់ទងនឹងសេវាមីក្រូហិរញ្ញវត្ថុ តាមរយៈការអនុវត្ត ឬធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ដូចពាក្យស្លោកមួយឃ្លាបានពោលថា «ការពារគ្នារក្សាគ្នាទើបមាន និរន្តរភាពយូរអង្វែង»។
លោក សន្និសិទ្ធ ក៏បានជំរុញឲ្យអ្នកពាក់ព័ន្ធត្រូវមានកិច្ចសហការ និងខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងដែនដីខេត្តឲ្យរីកចម្រើនជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះនឹងត្រូវបន្តទប់ស្កាត់ឲ្យបាន រាល់សកម្មភាពដើរបោកប្រាស់ របស់ជនខិលខូចដែលចងការ ឬឲ្យខ្ចីប្រាក់ក្រៅប្រព័ន្ធដែលគ្មានច្បាប់ឲ្យបានផងដែរ។
សូមបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានកកើតឡើងចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ ហើយបានវិវត្តខ្លាំងនាដើមទសវត្សរ៍ឆ្នាំ១៩៩០ ដោយបានធ្វើសកម្មភាពផ្តល់បា្រក់កម្ចីខ្នាតតូច ដល់ប្រជាជននៅតាមតំបន់ជនបទ ក្នុងគោលបំណងផ្តល់ឲ្យប្រជាជនទាំងនោះ នូវដើមទុនសម្រាប់ការបង្កើត ឬបង្កើនមុខរបរអាជីវកម្មរបស់ខ្លួន៕