(ប៊ែកឡាំង)៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក ភីធើ អាល់ត៍ម៉ៃយើ (Peter Altmaier) នៅថ្ងៃអង្គារនេះបានលើកឡើងថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងមានការលំបាក ប៉ុន្តែធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន បានបង្កើនឱកាសសម្រាប់ភាគីនានា ក្នុងការឈានដល់កិច្ចព្រមព្រៀងរួមគ្នាមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
ថ្លែងតាមទូរទស្សន៍រដ្ឋ លោក Altmaier បាននិយាយយ៉ាងដូច្នេះថា «កិច្ចពិភាក្សានាពេលខាងមុខនេះ នឹងមានការលំបាក»។ កិច្ចពិភាក្សានេះ គឺមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ចងសំដៅទៅដល់ កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលសម្ព័ន្ធមិត្តទាំងពីរនេះក៏កំពុងស្ថិតនៅក្នុងការឈានទៅរកសង្គ្រាមដំឡើងពន្ធផងដែរ។
លោករដ្ឋមន្ត្រីអាល្លឺម៉ង់បានបន្ថែមទៀតថា «ខ្ញុំបាននៅទីនោះ (នៅសហរដ្ឋអាមេរិក) កាលពីខែមិថុនាកន្លងទៅនេះ ហើយការចាប់អារម្មណ៍របស់ខ្ញុំគឺថា សម្រាប់រដ្ឋបាលសហរដ្ឋអាមេរិក ការឈានដល់ដំណោះស្រាយមួយ ត្រូវបានគេមើលឃើញថា វាមានសារៈសំខាន់ជាងការបន្តជម្លោះ»។
គួរបញ្ជាក់ថា ភាគីអាល្លឺម៉ង់ក៏ទើបតែបញ្ចប់នូវកិច្ចប្រជុំ G7 ជាមួយបណ្តាមហាអំណាច ៦ ទៀតក្នុងនោះមានអាមេរិកជាតួអង្គសំខាន់។ ប្រទេសអាល្លឺម៉ង់គឺជាមហាអំណាចសេដ្ឋកិច្ចលេខ ៤ នៅលើពិភពលោក និងលេខ ១ ប្រចាំទ្វីបអឺរ៉ុប ខណៈសហរដ្ឋអាមេរិកកំពុងតែរឹតបន្តឹងអាល្លឺម៉ង់យ៉ាងខ្លាំង ដើម្បីឲ្យប្រទេសនេះបង្កើនការចំណាយបន្ថែមលើវិស័យការពារសន្តិសុខរួម (NATO) និងការរឹតបន្តឹងក្រុមហ៊ុនចិនជាដើម៕