(កំពង់ស្ពឺ)៖ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ស្ពឺ។
វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ក្នុងនោះក៏មានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត រួមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
កិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងលើកកម្ពស់ឱ្យអង្គការសង្គមស៊ីវិល បានស្វែងយល់ និងជ្រួតជ្រាបកាន់តែច្បាស់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០៣០ និងបង្កើតភាពជាដៃគូសហការកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត ជាមួយភាគីពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចនូវគោលដៅអភិវឌ្ឍន៍ទាំង ១៨ចំណុច ប្រកបដោយជោគជ័យ នៅឆ្នាំ២០៣០។
វេទិកាសន្ទនានេះក៏បានផ្តល់ឱកាសនិងបើកទូលាយឱ្យអង្គការសង្គមស៊ីវិល បានជជែកពិភាក្សាដោយត្រង់ទៅត្រង់មកជាមួយអាជ្ញាធរពាក់ព័ន្ធនិងរដ្ឋបាលខេត្ត លើបញ្ហាប្រឈមនិងសំណូមពរជាក់ស្តែងមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។
នៅក្នុងអង្គវេទិកាកាលពីព្រឹកមិញនេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិល ក្នុងការកសាងនូវសមិទ្ធផលជាច្រើន ក៏ដូចជាការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ហើយលទ្ធផលទាំងអស់នេះមានការចូលរួមចំណែកយ៉ាងសំខាន់ពីរាជរដ្ឋាភិបាល ក្នុងការធានាឱ្យមានសុខសុវត្ថិភាពនិងស្ថិរភាពទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច រួមទាំងការសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ជាក់ស្តែង អង្គការសង្គមស៊ីវិលមានលំហសិទ្ធិសេរីភាពពេញលេញក្នុងការបំពេញការងាររបស់ខ្លួន។
លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយភាពយល់ច្រឡំចំពោះគ្នា និងត្រូវបង្កើនកិច្ចសហការល្អជាមួយជាមួយរាជរដ្ឋាភិបាលដោយឆន្ទៈស្មោះត្រង់ចំពោះគ្នា និងឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យអង្គការសង្គមស៊ីវិលទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ ព្រមទាំងត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន ដោយត្រូវធ្វើការចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងការចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវតាមនីតិវិធី ដើម្បីអង្គការសង្គមស៊ីវិលអាចទទួលបាននូវការអនុគ្រោះពន្ធផ្សេងៗ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់បន្តសហការ ជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺឱ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីបម្រើដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ៕