(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន៣ខ្សែ ប្រវែងសរុបជិត១,០០០ម៉ែត្រ ក្នុងសង្កាត់ព្រៃស។
ផ្លូវបេតុងដែលត្រូវស្ថាបនា រួមមាន៖ ខ្សែទី១៖ប្រវែង៣៧៥ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិប្រការ, ខ្សែទី២៖ ប្រវែង៣៤១ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសកើត និងខ្សែទី៣៖ ប្រវែង១២២ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសលិច។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃស ផងដែរ។
ក្រៅពីការលើកឡើង ចំពោះការរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនផងដែរ។
នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ លោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធិផលថ្មីមួយនេះទៀត ជាចំណងដៃជូនបងប្អូនមុនរដូវភ្ជុំបិណ្ឌ ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអាធ្រាស្រ័យចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។
បើតាមលោកអភិបាលខណ្ឌ ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធិផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕