(បាងកក)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Bounpone Bouttanavong អនុប្រធានរដ្ឋសភាប្រទេសឡាវ នាទីក្រុងបាងកក ប្រទេសថៃ។
លោក Bounpone Bouttanavong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចប្រធានដែលបានខិតខំជំរុញការអនុវត្តអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ទទួលបានជោគជ័យ និងផ្លែផ្កាជាបន្តបន្ទាប់។
លោកអះអាងថា រដ្ឋសភាប្រទេសទាំងពីរ បានជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញ និងអគ្គលេខាធិការដ្ឋាសនរដ្ឋសភា។ ភាគីឡាវបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តអនុស្សារណៈយោគយល់គ្នា ទាំងឡាយដែលបានចុះហត្ថលេខារួមគ្នា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ អនុប្រធានរដ្ឋសភាឡាវ បានស្នើសូមសម្តេចជួយជំរុញបន្ថែមនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ សុខាភិបាល និងសេដ្ឋកិច្ច ជាដើម។
សម្តេច ហេង សំរិន បានលើកឡើងថា រដ្ឋសភាកម្ពុជា និងឡាវ តែងតែគំាទ្រគ្នាជានិច្ចនៅក្នុងវេទិកាអន្តរសភា តួយ៉ាងមហាសន្និបាត AIPA នាពេលនេះ បានបង្ហាញពីមិត្តភាព ភាតរភាពជាបងប្អូនរវាងកម្ពុជា និងឡាវ ព្រមទំាងបានបញ្ជាក់ពីសាមគ្គីភាពនៅក្នុងរង្វង់គ្រួសារប្រទេសសមាជិក AIPA។
សម្តេចប្រធានរដ្ឋសភា បានសាទរចំពោះ ផ្លែផ្កាយ៉ាងល្អ នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាទាំងពីរក្នុងនីតិកាល ជាបន្តបន្ទាប់មកនេះ៕