(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ទទួលជួបពិភាក្សាការងារ និងបទបង្ហាញរបស់ក្រុមហ៊ុនបង្ហោះដ្រូន ដើម្បីសិក្សា និងប្រមូលទិន្នន័យប្រព័ន្ធអូ ប្រឡាយ ក្នុងក្រុងព្រះសីហនុ ក្នុងការរំដោះជំនន់ទឹកភ្លៀង។

លោក សោម មិថុនារត្ន័ ប្រធានក្រុមហ៊ុន KCC Cambodia Co,.Ltd បានបញ្ជាក់ថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀង បង្កឲ្យមានការជន់លិចផ្ទះ ប្រជាពលរដ្ឋនាពេលកន្លងមក ក្រុមហ៊ុនផ្តោតជាសំខាន់មានដូចជា បញ្ហាទឹកភ្លៀង សណ្ឋានដី កម្ពស់ទឹកសមុទ្រ ដែលមានវិសាលភាពប្រឈមនឹងជំនន់ទឹកភ្លៀង ដូច្នេះត្រូវមានទិន្នន័យពីសណ្ឋានដី គម្រោងកាត់បន្ថយគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង។

លោកបានបន្តថា ក្រុមហ៊ុនត្រូវប្រមូលពត៌មាន ទិន្នន័យសុក្រឹត, សិក្សាសណ្ឋានដី, ប្រមូលព័ត៌មានពីប្រពន្ធអូរ ប្រឡាយទឹកភ្លៀង ទឹកកខ្វក់ និងទឹកស្អាត សិក្សាផ្អែកលើវិទ្យាសាស្ត្រ និងមជ្ឈមណ្ឌលវិភាគ បណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នភាពទិន្នន័យ។ ម្យ៉ាងទៀតការ បង្ហោះដ្រូននេះប្រើពេលប្រហែល ១២សប្តាហ៍ ដើម្បីប្រមូលទិន្នន័យជាក់លាក់លើផ្ទៃដី ៥,០៨០ហិកតា ក្នុងក្រុងព្រះសីហនុ។

លោក គួច ចំរើន បានស្វាគមន៍ចំពោះក្រុមហ៊ុន KCC Cambodia Co Ltd មានគោលបំណងចូលរួម ជាមួយរដ្ឋបាលខេត្ត សិក្សាលើប្រពន្ធអូ ប្រឡាយ ដាក់លូររំដោះទឹកភ្លៀង និងទឹកកខ្វក់នៅក្រុងព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា បញ្ហាប្រឈមដោយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ជាបន្ទុករបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងមួយចំនួន កំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយ សភាពការណ៍ នៃគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងសម្រាប់ខេត្តព្រះសីហនុ៕