(កណ្តាល)៖ រាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញពីតួនាទីយ៉ាងសំខាន់ របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស ក្នុងការផលិតនូវធនធានមនុស្ស ឲ្យសមស្របនឹងរបត់ទីផ្សារការងារ ដែលកំពុងមានតម្រូវការខ្លាំង ឆ្លើយតបការដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាសរសរស្តម្ភមួយ ជួយជំរុញកំណើនសេដ្ឋកិច្ច ឲ្យសម្រេចបានក្នុងអត្រារង្វង់៧ភាគរយក្នុង១ឆ្នាំ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធ្វើឲ្យចំនួនសិស្សចូលរៀនជំនាញបច្ចេកទេស មានកំណើនគួរឲ្យគត់សម្គាល់ នៅតាមសាលានានា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក៏ប៉ុន្តែបើងាកទៅមើលសាលាបច្ចេកទេសឯកជន ដែលមានឈ្មោះល្បីមួយ គឺ«មជ្ឈមណ្ឌលក្រមង៉ុយ» ចំនួនសិស្សចូលរៀននៅមានតិចតួចនៅឡើយ។
ជាង២០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៩៨មក ដែលមជ្ឈមណ្ឌលក្រមង៉ុយ បានបើកទ្វារទទួលបណ្តុះបណ្តាលបច្ចេកទេសដល់កុលបុត្រខ្មែរ ហើយរហូតមកដល់ពេលនេះ សរុបមានចំនួនប្រហែល៣ពាន់នាក់។ អ្នកសិក្សាបច្ចេកទេសប្រាកដជាស្គាល់ច្បាស់នូវកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ សាលាបច្ចេកទេសមួយនេះ តាមរយៈការប្រកួតប្រជែងថ្នាក់ជាតិ និងការចេញទៅដណ្តើមមេដាយជូនជាតិ នៅលើឆាកអន្តរជាតិ។
សាលាបណ្តុះបណ្តាលបច្ចេកទេសក្រមង៉ុយ មាន២ទីតាំង ដែលមួយទីតាំងស្ថិតនៅផ្ទះលេខ៥៨ ផ្លូវ៣១៧ ក្នុងរាជធានីភ្នំពេញ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីផ្សារអូឡាំពិក និងទីតាំងទី២ ស្ថិតនៅភូមិរាយដប ឃុំសៀមរាប ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលគេតែហៅកាត់ថា សៀមរាបកន្ទួត មានចម្ងាយប្រហែល២២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
គ្របដណ្តប់លើផ្ទៃដីប្រមាណ៥ហិកតា មជ្ឈមណ្ឌលក្រមង៉ុយ នៅសៀមរាបកន្ទួត បើទោះបីជានៅឆ្ងាយពីភ្នំពេញបន្តិចមែន ប៉ុន្តែទីតាំងនេះពិតជាមានបរិយាកាសល្អ ស្ងប់ស្ងាត់ អំណោយផលយ៉ាងខ្លាំងក្នុងការសិក្សា។ មិនត្រឹមតែមានបរិយាសល្អប៉ុណ្ណោះទេ សាលាមានឧបករណ៍ សម្ភារសិក្សាដ៏សំបូរបែប ដែលទទួលបានការឧបត្ថម្ភដោយដៃគូអន្តរជាតិ ដូចជាក្រុមហ៊ុនអគ្គិសនីរបស់ប្រទេសបារាំង (EDF) ជាដើម។
រៀននៅសាលាបណ្តុះបណ្តាលបច្ចេកទេសក្រមង៉ុយ សិស្សត្រូវការពេលវេលា២ឆ្នាំ ដែលសិក្សាពេញមួយថ្ងៃ ដោយស្នាក់នៅក្នុងសាលាតែម្តង។ អ្វីដែលពិសេសនោះ សាលាមានបណ្តុះបណ្តាលជំនាញបច្ចេកទេស៣ គឺអគ្គិសនី អេឡិចត្រូនិក និងប្រព័ន្ធស្វ័យប្រវត្តិ (អូតូម៉ាទិក)។ បានសេចក្តីថា សិស្សដែលសិក្សានៅ «ក្រមង៉ុយ» ចេះ៣ជំនាញក្នុងពេលម្តង ជាមួយនឹងការអនុវត្តន៍ការងារផ្ទាល់តែម្តង ដែលធានាបានថា «រៀននៅក្រមង៉ុយ គឺចេះជំនាញបច្ចេកទេសយ៉ាងពិតប្រាកដ» ដែលភាសានិយាយលេងសើច គេតែងនិយាយ ចេះពិតប្រាកដ មិនមែនចេះលំៗនោះទេ។ បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល២ឆ្នាំ ដែលសញ្ញាបត្រមានតម្លៃស្មើនឹងបរិញ្ញាបត្ររងនោះ អាចឲ្យសិស្សបន្តទៅសិក្សាថ្នាក់បរិញ្ញាបត្របាន។
ឈរពន្យល់សិស្សដែលកំពុងសិក្សានៅក្នុងសាលាក្រមង៉ុយ នាទីតាំងសៀមរាបកន្ទួត ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បុរសវ័យ៨៨ឆ្នាំ ដែលបោះបង់ជីវិតរស់នៅក្នុងប្រទេសស៊ីវីល័យ បារាំង លោកសាស្ត្រាចារ្យ អ៊ឹម សារឿន ប្រធានមជ្ឈមណ្ឌលក្រមង៉ុយ បាននិយាយក្នុងសំដីតិចៗទៅកាន់សិស្សរបស់ខ្លួន ដែលកំពុងត្រងត្រាប់ស្តាប់នូវការបង្ហាត់បង្ហាញ។
បើទោះបីវ័យចំណាស់ក៏ពិតមែន ប៉ុន្តែលោកសាស្ត្រចារ្យ នៅមានកម្លាំងមាំមួន និងសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលខ្លួនមានដល់យុវជន យុវនារីខ្មែរ ដែលស្រឡាញ់ការសិក្សាផ្នែកបច្ចេកទេស តែគួរឲ្យស្តាយចំនួនសិស្សដែលកំពុងសិក្សាមានចំនួនតិចនៅឡើយ ។
លោកសាស្ត្រាចារ្យ អ៊ឹម សារឿន ប្រធានមជ្ឈមណ្ឌលក្រមង៉ុយ បានបង្ហាញពីមូលហេតុមួយចំនួន ដែលធ្វើឲ្យយុវជនមិនចង់រៀនជំនាញបច្ចេកទេស ខណៈជំនាញនេះកំពុងឈរលំដាប់ខ្ពស់ ដែលមានតម្រូវការទីផ្សារការងារច្រើន។
លោកសាស្ត្រាចារ្យបានឲ្យដឹងថា តាំងពីដើមឡើយមានសិស្សនិស្សិតច្រើនចូលរៀន ក្នុងមជ្ឈមណ្ឌលក្រមង៉ុយ និងរៀនបច្ចេកទេស ប៉ុន្ដែយូរៗទៅកាន់តែអស់ទៅៗ។ កត្តាដែលបណ្ដាលឲ្យសិស្សនិស្សិត មិនចង់រៀនផ្នែកនេះដោយសារតែ៖
១៖ មិនចូលចិត្តសិក្សាផ្នែកបច្ចេកទេស ប៉ុន្ដែចូលចិត្តធ្វើការដោយទទួលបានប្រាក់ខែ។
២៖ មានចំណាកស្រុកច្រើនទៅកាន់កូរ៉េ, ថៃ គួរផ្សំនឹងរោងចក្រកើនឡើងច្រើន ដូច្នេះជាកត្តាដែលបណ្ដាលឲ្យពួកគេទៅធ្វើការ ដើម្បីទទួលបានប្រាក់ខែវិញ។
៣៖ មកពីយុវជនចូលចិត្តរៀន នៅក្នុងសាកលវិទ្យាល័យ ដែលអាចបានសញ្ញាបត្រខ្ពស់ ចូលចិត្តរៀនសូត្រដោយប្រើប្រាស់ទ្រឹស្ដី ដោយមិនចាំបាច់អនុវត្តន៍ច្រើន។
៤៖ មួយវិញទៀតបច្ចុប្បន្ននេះ រដ្ឋខិតខំពង្រីកផ្នែកបច្ចេកទេស ដោយបានបង្កើតគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ដោយមានផ្ដល់អាហារូបករណ៍ជាដើម។
លោកសាស្រ្ដាចារ្យបញ្ជាក់ថា ក្នុងមជ្ឈមណ្ឌលសិក្សាច្រើនមុខណាស់ ដោយសិក្សាលើទ្រឹស្ដី និងការអនុវត្តន៍។ ក្នុងមជ្ឈមណ្ឌលមានឧបករណ៍សិក្សាជាច្រើន លើសពីសាលាធម្មតា ព្រោះយើងមានទិសដៅទៅខ្ពស់ មានសំភារៈទៅតាមផ្នែកនីមួយៗ ដែលជាហេតុដែលសិស្សចូលមកសិក្សា មានជំនឿចិត្តជឿជាក់ថារៀនចេះ។
លោកបណ្ឌិត អ៊ឹម សារឿន អះអាងថា គ្រប់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សា នៅមជ្ឈមណ្ឌលក្រមង៉ុយ ធានាមិនមានពាក្យថា អត់ការងារធ្វើនោះឡើយ ព្រោះមជ្ឈមណ្ឌលនេះ បណ្ដុះបណ្ដាលដោយទ្រឹស្ដី និងការអនុវត្តន៍ជាក់ស្ដែង ដែលធ្វើឲ្យសិស្សនិស្សិតមានភាពខ្លាំង ក្នុងការទទួលបំពេញការងារ។
លោកសាស្រ្ដាចារ្យបានបញ្ជាក់យ៉ាងដូច្នេះថា «ជាការធានាសិស្សដែលមករៀន នៅមជ្ឈមណ្ឌលក្រមង៉ុយ មិនខ្វះការងារធ្វើទេការធានាបែបនេះ ដោយសារយើងឈរលើគោលការណ៍រួមមាន យើងមានសមត្ថភាព ដោយសមត្ថភាពរបស់យើង បានទទួលមេដាយមាស ក្នុងការប្រឡងថ្នាក់ជាតិ, ប្រឡងអាស៊ានក៏ទទួលបានមេដាយ, ប្រឡងនៅប្រទេសចិនក៏ទទួលបានមេដាយ និងទទួលបានការសសើរ និងរង្វាន់ពីសម្ដេចតេជោ ហ៊ុន សែន ផងដែរ»៕