(ភ្នំពេញ)៖ មោទនភាពជាតិខ្មែរ! ទង់ជាតិ និងភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពជា បានរំលេច និងបន្លឺឡើងនៅលើឆាកអន្តរជាតិ បន្ទាប់ពីកីឡាករតេក្វាន់ដូ ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយ មាសកម្រិតពិភពលោក ពីការប្រកួតកីឡាតេខ្វាន់ដូកម្រិតអន្តរជាតិ (ITF) លើកទី២១ ដែលធ្វើឡើងនៅប្រទេសប៊ុលហ្គារី។
ជាមោទនភាពជាតិខ្មែរ ដែលប្រជាពលរដ្ឋទូទាំងប្រទេសត្រូវតែអបអរសាទរនោះ បានកើតឡើងនៅពេលនេះ ដូចអ្វីដែលជាការសង្ឃឹមទុករបស់លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បានប្រាប់អ្នកយកព័ត៌មានមុនពេលដែលលោក បានដឹកនាំកីឡាករទៅចូលរួមប្រកួតនៅទីនោះ។
អ្វីដែលចាប់អារម្មណ៍មួយទៀតនោះប្រធានប្រតិភូ លោក កែវ រ៉េមី ត្រូវបានអង្គសមាជតេក្វាន់ដូ នៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF)ផងដែរ។
ថ្លែងបានប្រាប់អង្គភាព Fresh News ពីប្រទេសប៊ុលហ្គារី លោក កែវ រ៉េមី បានបញ្ជាក់ដោយសប្បាយចិត្តខ្លាំងៗថា លោក ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយមាសកម្រិតពិភពលោក ពីការប្រកួត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ លោកបានលើកឡើថា «នេះជាការដណ្តើមបានមេដាយមាសលើកដំបូង ហើយសម្រាប់កីឡាតេក្វាន់ដូរបស់កម្ពុជា»។ លោកចាត់ទុកថា ការដណ្តើមបានមេដាយមាសកម្រិត ពិភពលោកនេះ ជាជោគជ័យដ៏មោទនភាពមួយសម្រាប់កីឡាតេក្វាន់ដូកម្ពុជា។
សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF នៅប្រទេសប៊ុលហ្គារី ជាព្រឹត្តិការណ៍ពិភពលោក (World ITF Taekwon-do Championship)មួយ ដែលចាប់ផ្តើមពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០១៩។ ការប្រកួតនេះ មានកីឡាករ-កីឡាការិនី មកពីបណ្ដាប្រទេសចំនួន ៧៤ អត្តពលិកតេក្វាន់ដូចូលរួមសរុប ១,៤១២នាក់ ក្នុងនោះអត្តពលិកប្រកួតមានចំនួន ៩៧១នាក់។ ដោយឡែកកីឡាករជម្រើសជាតិចំនួន ១៧នាក់ (ស្រី២នាក់) បានចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះផងដែរ៕