(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបំពេញការងារសង្គមយ៉ាងអស្ចារ្យ ដោយបានចំណាយមូលនិធិប្រាសាក់ ដើម្បីសាងសង់អគារបណ្ណាល័យរហូតដល់ ៤០អគារនៅតាមបណ្តាខេត្តនានានៅកម្ពុជា ដែលក្នុងនោះប្រាសាក់ បាននឹងកំពុងផ្តល់អគារបណ្ណាល័យចំនួន១០ខ្នង ក្នុងឆ្នាំ២០១៩នេះ គឺដើម្បីចូលរួមចំណែកបណ្ដុះវប្បធម៌អាន និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា «ដោយមានការប្តេជ្ញាចិត្ត ក្នុងការចូលរួមបណ្ដុះវប្បធម៌អាន លើកកម្ពស់វិស័យអប់រំ និងពិសេសគឺ ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្អូនៗជំនាន់ក្រោយ ក្នុងឆ្នាំ២០១៩នេះ ប្រាសាក់ផ្តល់អគារបណ្ណាល័យចំនួន១០បន្ថែមទៀត ជូនដល់បណ្ដាសាលារៀននានា នៅកម្ពុជាយើង ដោយរួមបញ្ចូលទាំងការសាងសង់អគារបណ្ណាល័យ ការបំពាក់សៀវភៅសិក្សាគោល បំណិនជីវិត ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឯកសារ សម្ភារបរិក្ខារផ្សេងៗ និងការបណ្ដុះបណ្ដាលបណ្ណារក្សផងដែរ»។
លោក សូនី បន្តថា «ជួសមុខឱ្យគណៈគ្រប់គ្រង និងបុគ្គលិកប្រាសាក់ យើងខ្ញុំសូមជូនអគារបណ្ណាល័យដ៏ល្អនេះ សម្រាប់ជាប្រយោជន៍សាធារណៈក្នុងការជួយចូលរួមបណ្ដុះវប្បធម៌អាន លើកកម្ពស់វិស័យអប់រំ និងពិសេស គឺចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្អូនៗជំនាន់ក្រោយ។ យើងខ្ញុំសង្ឃឹមថា សិស្សានុសិស្សនៅតាមបណ្ដាសាលារៀនខាងលើ នឹងរីករាយសិក្សារៀនសូត្រ បង្កើនសមត្ថភាពអំណានតាមរយៈបណ្ណាល័យដែលប្រាសាក់ផ្ដល់ជូននេះ»។
ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងទទួលយកការផ្តល់អគារបណ្ណាល័យពីប្រាសាក់ លោក ហោង ហាក់ នាយកសាលាបឋមសិក្សា ស្វាយមាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រឹះស្ថានមីក្រូហិរញវត្ថុ ប្រាសាក់ ដែលចូលរួមលើកស្ទួយវិស័យអប់រំ តាមរយៈការផ្តល់មូលនិធិកសាងសង់អគារបណ្ណាល័យជូនដល់សាលាបឋមសិក្សាស្វាយមាស។ លោកបានជូនពរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងសូមបន្តជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជា។
ចំណែកឯលោក សយ យ៉ែន នាយកអនុវិទ្យាល័យ បឹងខ្នារ វិញ ក៏បានលើកឡើងផងដែរពីក្ដីរំភើបរីករាយ នៅពេលដែលប្រាសាក់បានសាងសង់អគារបណ្ណាល័យ ដល់សាលារៀនរបស់លោក។ លោកបញ្ជាក់ថា នេះជាអំណោយដ៏ថ្លៃថ្លារកអ្វីមកប្រៀបផ្ទឹមពុំបាន និងជាការចូលរូមដ៏ធំធេងក្នុងសង្គមរបស់ប្រាសាក់។ តាមរយៈអគារបណ្ណាល័យនេះ លោកជឿជាក់ថាសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជិតនេះ នឹងមានលទ្ធភាពកាន់តែទូលំទូលាយដើម្បីសិក្សាស្រាវជ្រាវបន្ថែម បង្កើនសមត្ថភាពខ្លួនឲ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីធនាគារជាតិនៃកម្ពុជា ប្រាសាក់ សហការជាមួយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចដំណើរការការងារបណ្ណាល័យនេះតាំងពីឆ្នាំ២០១១មកម្លេះ ដែលបានផ្តល់បណ្ណាល័យចំនួន៤០ មានសិស្សដែលទទួលផលចំនួន ៧៨,២៦៦ រួមបញ្ចូលទាំងការបណ្ដុះបណ្ដាលដល់បណ្ណារក្ស និងការគាំទ្រគម្រោងផងដែរ។
សាលាដែលទទួលបាន អគារបណ្ណាល័យទាំង១០នោះ រួមមានទីតាំងស្ថិតនៅ៖
១៖ វិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
២៖ សាលាបឋមសិក្សាត្រែងត្រយឹង ស្ថិតក្នុងភូមិទី 4 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៣៖ សាលាបឋមសិក្សាបន្ទាយនាង ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
៤៖ សាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
៥៖ សាលាបឋមសិក្សា-អនុវិទ្យាល័យ បឹងខ្នារ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
៦៖ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្អើរ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
៧៖ សាលាបឋមសិក្សា-អនុវិទ្យាល័យ ម្រាម ស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង
៨៖ សាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន ភូមិធំថ្កូវ ស្ថិតក្នុងភូមិធំ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
៩៖ សាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃស្វាយ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
១០៖ សាលាបឋមសិក្សា ស្វាយមាស ស្ថិតក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល៕