(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន២ករណីផ្សេងៗគ្នា ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងដកហូតសារធាតុញៀនជិត២គីឡូក្រាម នៅសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សី និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ២ករណី ចាប់ខ្លួនជនសង្ស័យបាន២នាក់ និងរឹបអូសបានគ្រឿងញៀនជិត២គីឡូក្រាម នៅរាជធានីភ្នំពេញ។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ បង្ក្រាបនៅចំណុចស្ថានីយ៍ប្រេង PTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សី រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ មានឈ្មោះ ឈុំ ចាន់រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ដកហូតបានវត្ថុតាង មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១៧៤.៧៣ក្រាម។

ករណីទី២៖ នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ឈិត ឆាយយ៉ា (ហៅសួ) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ដកហូតបានវត្ថុតាងសារធាតុញៀនប្រភេទ អិចស្តាស៊ី (រាវ) ៥០ដប ទម្ងន់១១៧០ក្រាម និងអិចស្តាស៊ីគ្រាប់ទម្ងន់សុទ្ធ ៣៨១.១៤ក្រាម៕