(ភ្នំពេញ)៖ ដើម្បីជាការឆ្លើយតបទៅវិញជូនប្រជាពលរដ្ឋ ដែលតែងរអ៊ូដាក់ត្រចៀកតាំងពីគាត់កាន់តំណែងជាអភិបាលខណ្ឌ រហូតដល់ជាប្រធានក្រុមប្រឹក្សាខណ្ឌនេះ, លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បានជំរុញឲ្យអធិការខណ្ឌចំការមន ចុះរៀបចំសណ្តាប់ធ្នាប់តាមកំណាត់ផ្លូវ១០៥ ដែលប្រជាពលរដ្ឋគាត់ដាក់លក់រថយន្ត ដាក់តាំងផ្កា ហូរហៀរលើពេញទ្រូងផ្លូវ ស្ថិតក្នុងសង្កាត់បឹងត្របែក សង្កាត់ទួលទំពូង១ និងសង្កាត់ផ្សារដើមថ្កូវ។
ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ដែលមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ព្រមទាំងសមាជិកក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីការិយាល័យចំណុះជំនាញជាច្រើនរូបផងដែរ។
លោក ព្រំ សំខាន់ បន្ថែម«ការដែលស្នើឲ្យអធិការខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់តាមចុះរៀបចំសណ្តាប់ធ្នាប់ លើកំណាត់ផ្លូវ១០៥ ដែលប្រជាពលរដ្ឋគាត់ដាក់លក់រថយន្ត ដាក់តាំងផ្កា ហូរហៀរលើពេញទ្រូងផ្លូវ បណ្តាលឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ ហើយប្រជាពលរដ្ឋតែងតែស្តីបន្ទោសមកលើអាជ្ញាធរជាប្រចាំ។ ដូច្នេះដើម្បីរក្សាសុវត្ថិភាពសុខដុមរម្យនាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធរសង្កាត់ទាំង៣ ត្រូវធ្វើយ៉ាងណាផ្តល់សេវាកម្មឲ្យបានល្អជូនប្រជាពលរដ្ឋមានភាពកក់ក្តៅ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ។
ពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងថា ពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់នេះ មិនមែនជាបញ្ហារបស់នរណាមួយនោះទេ វាជាបញ្ហារបស់យើង ទាំងអស់គ្នា ជាពិសេសរបស់រដ្ឋបាលខណ្ឌ របស់គណៈបញ្ជាការឯកភាពខណ្ឌនឹងហើយ ដែលត្រូវយកចិត្តទុកដាក់ចុះរៀបចំជាប្រចាំនោះ ប៉ុន្តែយើងមិនមែនចុះធ្វើតែលើផ្លូវ១០៥នោះទេ គឺមានផ្លូវជាច្រើនទៀតក្នុងខណ្ឌ ដែលក្នុងរដ្ឋបាលខណ្ឌបានស្នើធ្វើស្លាកសញ្ញាហាមចតពីមន្ទីរសាធារណការផងដែរ ងាយស្រួលខណ្ឌចាត់វិធានការស្ទូចរថយន្តល្មើស ដោយមិនចាំបាច់ ជូនដំណឹងទៀតឡើយ ដើម្បីរបៀបរៀបរយក្នុងមូលដ្ឋានខណ្ឌ ក៏ដូចផ្លូវ១០៥នេះ។
លោកអភិបាលបន្តថា ទន្ទឹមនឹងនេះរដ្ឋបាលខណ្ឌ ក៏បានចាត់មន្ត្រីសណ្តាប់ខណ្ឌចុះធ្វើកិច្ចសន្យា នៅតាមផ្ទះប្រជាពលរដ្ឋដែលលក់រថយន្ត យានដ្ឋានជួសជុលរថយន្ត... ជាដើម ដើម្បីឲ្យពួយគាត់ចូលរួមរក្សាសណ្តាប់ធ្នាប់លើផ្លូវ ជាពិសេសលើផ្លូវ១០៥នេះ៕