(កំពង់ធំ)៖ ថ្លែងនៅក្នុងពិធីបើកវគ្គបំប៉នមន្ត្រីជំនាញនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលខេត្តកំពង់ធំថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានលើកឡើងថា ប្រទេសជាតិមួយមានការរីកចម្រើនទៅបានលុះត្រាតែមានធនធានមនុស្ស។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនិងអធិការក្រុងស្រុកទាំង ៩ ប្រមាណជិត ១០០នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ រឿន ធីរ៉ាន់ នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើរបាយការណ៍ចំពោះវគ្គបំប៉នមានរយៈពេល ៨ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយផ្ដោតសំខាន់ទៅលើជំនាញរួមមាន៖
*ទី១៖ វិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ
*ទី២៖ បទបង្ហាញស្ដីពីចរាចរណ៍ផ្លូវគោក
*ទី៣៖ នីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌
*ទី៤៖ ការងារនគរបាលនិងសហគមន៍
*ទី៥៖ តួនាទីភារកិច្ចរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល
*ទី៦៖ វិធានការបង្ការពន្លត់អគ្គីភ័យ
*ទី៧៖ បទបង្ហាញស្ដីពីការជួញដូរប្រើប្រាស់ និងចែកចាយគ្រឿងញៀន
*ទី៨៖ កំណត់ត្រាទិន្នន័យបទល្មើស
*ទី៩៖ វិធានការប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
*ទី១០៖ ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានលើកឡើងថា ប្រទេសជាតិមួយមានការរីកចម្រើនលុះត្រាតែមានធនធានមនុស្សនិងដើម្បីប្រសិទ្ធិភាព គុណភាពសិក្សា លោកបានស្នើឲ្យ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហ្វឺនរៀនសូត្រ ក្រេបជញ្ជក់គ្រប់ខ្លឹមសារមេរៀនដែលបានផ្ដល់ដោយគ្រូឧទ្ទេស និងគោរពវិន័យឲ្យបានម៉ឺងម៉ាត់ ដើម្បីយកចំណេះទាំងអស់នោះ ទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន។
ពិសេសគោរពនូវបទបញ្ជាផ្ទៃក្នុង របស់វគ្គហ្វឹកហ្វឺន ដើម្បីសម្រេចជោគជ័យក្នុងការកសាងធនធានមនុស្ស ដល់កងកម្លាំងនគរបាល ប្រកបដោយសមត្ថភាព គុណភាព ចំណេះដឹង ជំនាញ និងទេពកោសល្យ ក្នុងការបង្កើនប្រសិទ្ធភាពការងារ ដែលអាចធានានូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតបទៅនឹងការងារអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស លើផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ន។
ជាចុងក្រោយ លោកក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវសាមគ្គីភាពផ្ទៃក្នុង និងមានការទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការកត់ត្រានូវមេរៀនដែលគ្រូបានបង្រៀន ព្រមទាំងចេះសួរឆ្លើយដើម្បីឲ្យចំណេះដឹងរបស់ខ្លួនមានការអភិវឌ្ឍន៍ទៅមុខ៕