(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខ និងផ្ដល់ប្រាក់ឧបត្ថម្ភដល់លោកមេឃុំព្រែកកំបៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចម្សិលមិញ នៅក្នុងឃុំព្រែកកំបៅ ស្រុកកងមាស ខេត្តកំពង់ចាម។
តាមលោក មឿន ផា អភិបាលស្រុកកងមាស បានឲ្យដឹងថា លោកអ៊ី កុកគង់ ជាមេឃុំព្រែកក្របៅ បានជួបគ្រោះថ្នាក់ចរាចរណ៍រងគ្រោះបាក់ឆ្អឹង និងកំភួនជើងឆ្វេង២កំណាត់។
លោកអភិបាលស្រុកកងមាស បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីចូលរួមប្រជុំនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក អ៊ី កុកគង់ មេឃុំព្រែកកំបៅ បានជិះម៉ូតូ ធ្វើដំណើរពីខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះ នៅឯស្រុកកងមាស លុះជិតដល់ផ្ទះ គាត់ជិះបម្រុងបត់ចូលផ្ទះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះស្របទិសគ្នាបម្រុងជែងគាត់ ធ្វើឲ្យគាត់គេចពីម៉ូតូ ក្មេងជិះនោះ ហើយក៏ដួលបាក់ ឆ្អឹងកំភួនជើងតែម្ដង ហើយបច្ចុប្បន្ន លោកមេឃុំត្រូវបានដឹកយកមកព្យាបាលនៅមន្ទីរពេទ្យឯកជនខេត្តកំពង់ចាម។
អភិបាលស្រុកកងមាសឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ អភិបាលខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងឧបត្ថម្ភជាថវិកាចំនួន ១.០០០.០០០រៀលផងដែរ៕