(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ បានរៀបចំការជួបជុំដ៏ធំបំផុត ដើម្បីអបអរសាទរការបញ្ចប់ការសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ជំនាន់ទី១៤ មកពីសាលាប៊ែលធី ទាំង២០សាខា និងមានចំនួនជាង ១.២០០នាក់ នៅសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និង ជាអគ្គនាយក ប៊ែលធីគ្រុប និងលោកស្រី។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា នេះជាលើកទី ៥ហើយ ដែលសាលាបានរៀបចំកម្មវិធីនេះឡើង និងមានចំនួនអ្នកចូលរួម ជាង១២០០នាក់ នៅសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងគោលបំណងឲ្យ សិស្សថ្នាក់ទី១២ ទាំងអស់បានជួបជុំគ្នាថតរូបកំរងអនុស្សាវរីយ៍ រាំលេងកំសាន្តសប្បាយរីករាយ បង្កើនអនុស្សាវរីយ៍ រក្សាទំនាក់ទំនង និងចំណងមិត្តភាពមិនអាចកាត់ថ្លៃបាន រវាងសិស្ស និងសិស្ស សិស្ស និងគ្រូ សិស្ស និងថ្នាក់ដឹកនាំ ប៊ែលធី ដែលសិស្សានុសិស្សបានសិក្សានៅសាលា ប៊ែលធី អន្តរជាតិ ក្នុងរយៈពេល ១២ឆ្នាំកន្លងមក។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សថ្នាក់ទី ១២ទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតដល់ប្រឡងបញ្ចប់ការសិក្សាទុតិយភូមិ និងជូនពរសិស្សថ្នាក់ទី១២ ទាំងអស់ឱ្យប្រឡងជាប់ព្រមទាំងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។
លោកក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សថ្នាក់ទី១២ទាំងអស់ ខិតខំយកចិត្តទុកដាក់បន្តការសិក្សាបន្ថែមទៀត នៅថ្នាក់ឧត្តមសិក្សាដើម្បីបង្កើនចំណេះដឹង របស់ខ្លួនដើម្បីឱ្យស្របទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល។
ជាទីបញ្ចប់ លោកបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គណៈគ្រប់គ្រង លោកនាយក សាខា នាយករងសាខា បុគ្គលិក និង លោកគ្រូ-អ្នកគ្រូ ចំពោះការខិតខំប្រឹងប្រែងយកអស់ កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញភារកិច្ចរៀងៗខ្លួន៕