(កំពង់ធំ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តកំពង់ធំ ដែលមានលោក លៀង សុភា ប្រធានសាខា បានសហការចូលរួមពីមន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យ ផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារថ្នល់បែក ឃុំកំពង់ប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រកឃើញទំនិញហួសកាលបរិច្ឆេទ តែបៃតង និងទឹកក្រូច។
លោក លៀង សុភា បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកប្រធានសាខា បានបន្តថា នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញមានវត្តមានតែបៃតង ម៉ាកFuze tea ចំណុះ៣៥០ml ចំនួន១១ដប ផលិតនៅប្រទេសកម្ពុជា និងទឹកក្រូចម៉ាក Fanta ចំណុះ៣៥០ml ចំនួន ១១ដប ផលិតនៅប្រទេសកម្ពុជា ហួសកាលបរិច្ឆេទ ធ្វើកំណត់ហេតុ ដកហូតទុកដុតកំទេចចោល។
ក្រុមការងារក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាល មកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។
មន្រ្តីកាំកុងត្រូលបានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវាង ប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផល ម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព ហើយបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូ រឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា៕