(ភ្នំពេញ)៖ ដើម្បីជាការដឹងគុណដល់វីរភាពដ៏អង់អាចក្លាហាន របស់កម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ ដែលបានបំពេញភារកិច្ច ក្នុងការជួយពន្លត់អគ្គិភ័យ ដែលបានកើតឡើងនៅក្នុងឃ្លាំងផ្ទុកសម្ភារ ខាងក្រោមផ្សារទំនើប The Olympia Mall កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នោះ, ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានថ្លែងអំណរគុណ និងផ្តល់នូវប្រាក់ឧបត្ថម្ភ ចំពោះកងកម្លាំងសមត្ថកិច្ច ដែលបានជួយពន្លត់អគ្គិភ័យនៅពេលនោះ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែសីហានេះថា ក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងសម្ថកិច្ច ដែលមាននគរបាលពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ, នគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កម្លាំងពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌ៧មករា ដែលបានចូលរួមយ៉ាងសកម្មភាព ក្នុងសកម្មភាពន្លត់អគ្គិភ័យ ដែលកើតមានឡើង នៅក្នុងឃ្លាំងផ្ទុកសម្ភារខាងក្រោមផ្សារទំនើប The Olympia Mall កាលពីដើមសីហាកន្លងមកនេះ។
លោកអគ្គនាយករងបានបញ្ជាក់ថា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យក្រុមហ៊ុនឯកជន ចូលរួមក្នុងសកម្មភាពពន្លត់អគ្គិភ័យនោះ ក្រុមហ៊ុន OCIC បាននាំចូលនូវរថយន្តពន្លត់អគ្គិភ័យប្រមាណ១៥គ្រឿង ដែលមាននៅមជ្ឈមណ្ឌលកោះពេជ្រ និងទីក្រុងរណបជ្រោចង្វារ ដើម្បីចេញជួយពន្លត់អគ្គិភ័យ ដែលកើតមានឡើងផងដែរ។ លោកថា ឲ្យតែមានគ្រោះអគ្គិភ័យ ប្រជាពលរដ្ឋតែងតែឃើញរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន OCIC ជួយបាញ់ទឹកពន្លត់ជានិច្ច ដែលនេះ ជាសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក ទូច សំណាង ក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជននានា ចូលរួមជាមួយរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីមានរថយន្តពន្លត់អគ្គិភ័យប្រចាំក្រុមហ៊ុនរបស់ និងចូលរួមជាមួយសមត្ថកិច្ច ក្នុងការពន្លត់អគ្គិភ័យ ដែលកើតមានចំពោះប្រជាពលរដ្ឋ៕