(រតនគីរី)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកប្រតិបត្តិសមាគមបេសកកម្មដំណឹងល្អ បានចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបប្រទះ ការលំបាកខ្វះខាតស្បៀងអាហារ និងរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំនួន២០០គ្រួសារ ដែលប្រជាជនទាំងនោះ កំពុងរស់នៅក្នុង ភូមិលំផាត់ ឃុំជ័យឧត្តម ភូមិព្រួកនិងភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តតនគិរី។

នៅក្នុងឱកាសនោះដែរលោក ខាន់ ខុន បានថ្លែងថា ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា គួរគប្បី ត្រូវចេះស្រឡាញ់រាប់អានគ្នា និងចេះជួយគ្នាទៅវិញទៅមកពិសេស នៅក្នុងពេលជួបការលំបាក និងគ្រាមានអាសន្នដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរនិងវណ្ណៈនោះឡើយ។

ការចែកអំណោយមនុស្សធម៌នេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ ហើយអំណោយទាំងអស់នេះ គឺជាព្រះពររបស់ ព្រះយេស៊ូគ្រីស្ទ នឹងសប្បុរសជន ដែលជាដៃគូរសមាគមបេសកម្មដំណឹងល្អផងដែរ។ អំណោយដែលចែកជូនប្រជាជនចំនួន ២០០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបាន អង្ករមួយបេ ៣០គីឡូ, ត្រីខ ១យួរ, ស្ករសមួយគីឡូ, អំបិល ១គីឡូ, ទឹកស៊ីអ៊ីវ ១យួរ, មុង១, ភួយ១, មី ១កេស, និងធុងចម្រោះទឹកស្អាតរូបទន្សាយ១។

នៅក្នុងឱកាសនោះដែរ លោក ខាន់ ខុន បានលើកឡើងថា ក្នុងនាមយើងជាខ្មែរ យើងត្រូវចេះជួយទុក្ខធុរៈគ្នា ទៅវិញទៅមកនៅពេល ដែលជួបនូវបញ្ហា និងការលំបាកផ្សេងៗ ជាពិសេសដូចជាគ្រោះមហន្តរាយជាដើម។ ទោះបីជាយើងជួយតាមលទ្ធភាព តិចក្តីច្រើនក្តី សុំឱ្យយើងទាំងអស់គ្នាចេះជួយរំលែកគ្នា ហើយយើងរៀនពីវប្បធម៌ ចែករំលែកគ្នាទៅវិញទៅមក ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ និងវណ្ណៈនោះឡើយ។ លោកបានបន្តទៀតថាសម្ភារទាំងអស់នេះ គឺមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនទេ ក៏ប៉ុន្តែនេះជាការចូលរួមចំណែក ក្នុងការជួយគ្នាក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយទុក្ខលំបាកបានមួយគ្រាផងដែរ។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវការលំបាក ខ្វះខាតស្បៀងអាហារ មកពីភូមិទាំងបី ក្នុងស្រុកលំផាត់ ខេត្តរតនគិរី បានសំដែងនូវការត្រេកអរ និងសប្បាយរីករាយបំផុត ដែលទទួលបានអំណោយនៅថ្ងៃនេះ ស្របពេលដែលពួកគាត់កំពុងតែរងផលប៉ះពាល់ ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត នឹងជំងឺដង្កាត់ផ្សេងៗ ដែលកត្តាទាំងអស់នេះជាបញ្ហា បង្កការលំបាកដល់ ជីវភាពរស់នៅរបស់ពួកគាត់ ជាប្រចាំថ្ងៃផងដែរ៕