(ព្រះសីហនុ)៖ ក្រុមហ៊ុន RIC NATURAL DEVELOPMEBT PLC និងក្រុមហ៊ុនវិនិយោគបរទេសសិង្ហបុរី និងម៉ាឡេស៊ី ចូលជួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងវិនិយោគលើគម្រោងកែច្នៃសំរាម ផលិតថាមពលអគ្គិសនី គម្រោងជីវឥន្ធនៈ និងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើបនៅខេត្តព្រះសីហនុ ព្រោះខេត្តទេសចរណ៍មួយនេះ កំពុងមានការទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរចិនច្រើនជាងគេ ក្នុងចំណោមភ្ញៀវទេសចរបរទេស។

ក្នុងជំនួបជាមួយអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក DATO MAH KASENG ប្រធានក្រុមហ៊ុន RIC NATURAL DEVELOPMEBT PLC និងក្រុមហ៊ុនវិនិយោគ បរទេសសឹង្ហបុរី និងម៉ាឡេស៊ី បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមានគម្រោងវិនិយោគលើការកែច្នៃសំរាមផលិតថាមពលអគ្គិសនី ហើយក្រុមហ៊ុនកំពុងដាក់ឱ្យដំណើរការនៅប្រទេសថៃ ទទួលបានជោគជ័យ និងកំពុងបង្កើតរោងចក្រផលិតអគ្គិសនី ចេញពីសំរាមនៅក្នុងប្រទេសឡាវ។

លោកបានបន្តថា ក្រុមហ៊ុនចង់មកធ្វើការកែច្នៃសំរាម ផលិតជាថាមពលអគ្គិសនី នៅខេត្ដព្រះសីហនុ ព្រោះការវិនិយោគក្នុងខេត្តព្រះសីហនុ មានសន្ទុះកើនឡើង សំរាមក៏វាមានការកើនឡើងផងដែរ ទន្ទឹមនឹងការកែច្នៃសំរាម ក៏មានគម្រោងវិនិយោគជីវឥន្ធនៈនៅខេត្តព្រះសីហនុ ដោយក្រុមហ៊ុន (ម៉ាឡេស៊ី) និងគម្រោងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើប ដោយក្រុមហ៊ុន (ប្រទេសសិង្ហបុរី)។

ជាការឆ្លើយតបលោក គួច ចំរើន ស្វាគមន៍ចំពោះគម្រោងវិនិយោគ នៅខេត្តព្រះសីហនុ ព្រោះសំរាមនាពេលបច្ចុប្បន្ន ក្នុងមួយថ្ងៃមានជាង១,០០០តោន ហើយវានឹងអាចកើនឡើងបន្ថែមទៀត ក៏ប៉ុន្តែក្រុមហ៊ុនត្រូវសិក្សាគម្រោងឱ្យបានស៊ីជម្រៅអំពីទីផ្សារ ដើម្បីឈានទៅសម្រេចគោលដៅ ក្នុងការវិនិយោគកែច្នៃសំរាម ជាថាមពលអគ្គិសនី ឱ្យមានប្រសិទ្ធិភាព ហើយមន្ត្រីរបស់យើងនឹងធ្វើការ ពិភាក្សាតាមជំនាញនីមួយៗ ដើម្បីឈានទៅអនុវត្តគម្រោងទាំង ០៣ខាងលើ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវសិក្សាអំពីសំរាម ដើម្បីផលិតថាមពលអគ្គិសនី ១៥០មេហ្កាវ៉ាត់ តើត្រូវប្រើប្រាស់សំរាមប៉ុន្មានតោន ដើម្បីយើងមានមូលដ្ឋានក្នុងការប្រមូលសំរាម និងឈានទៅបង្កើតរោងចក្រកែច្នៃសំរាម ផលិតថាមពលអគ្គិសនី ពិសេសក្រុមហ៊ុនមានប្រភពសេដ្ឋកិច្ច ក្នុងការសាងសង់ រោងចក្រកែច្នៃសំរាម។ ដោយឡែក ចំពោះក្រុមហ៊ុនជីវឥន្ទន ត្រូវសិក្សាទីផ្សារ ដើម្បីធ្វើការក្រកួតប្រជែង ជាមួយក្រុមហ៊ុននានា នៅកកម្ពុជាឱ្យមានតម្លាភាព និងការអភិវឌ្ឍផែទូកទេសចរណ៍ទំនើបបន្តពិភាក្សា ជាមួយមន្ត្រីមន្ទីរទេសចរណ៍៕