(ភ្នំពេញ)៖ គណៈកម្មការចម្រុះ នៃរដ្ឋបាលខណ្ឌឫស្សីកែវ បានចាត់វិធានការក្ដៅក្នុងការសម្រេចចុះបិទចោលទាំងស្រុងជាស្ថាពរ ចំពោះទីតាំងលក់បញ្ចូលហ្គាស និងបំពាក់ប្រព័ន្ធហ្គាសរថយន្ដ ចំនួន២កន្លែងភ្លាមៗ ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ពោលគឺគ្មានអាជ្ញាបណ្ណប្រកបអាជីវកម្មឡើយ។

ចំណាត់ការខាងលើនេះ បានកើតឡើងភ្លាមៗ ក្រោយមានប្រជាពលរដ្ឋមូលដ្ឋានបានប្តឹង និងសុំឲ្យសារព័ត៌មានចុះផ្សាយ លើបញ្ហាប្រឈមហានិភ័យខ្ពស់ ទាំងវិទ្យុសកម្ម និងការធ្វេសប្រហែស ខ្លាចក្រែងមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

ប្រតិបត្តិការចុះបិទចោលទាំងស្រុង ចំពោះទីតាំងលក់-បញ្ចូលហ្គាស ដែលគ្មានអាជ្ញាបណ្ណប្រកបអាជីវកម្មនេះ បានធ្វើឡើងទៅលើសហគ្រាស «ធីឃេ» ដែលមានម្ចាស់ឈ្មោះ ឈ ហាវ ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់-ទិញហ្គាស ស្ថិតនៅចំណុចផ្ទះលេខ 233I ផ្លូវលេខ៣៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ និងមួយទីតាំងបញ្ចូលហ្គាស និងបំពាក់ប្រព័ន្ធហ្គាសរថយន្ដមួយទៀត មានម្ចាស់ឈ្មោះ ឡាក់ ចំរើន ភេទប្រុស កើតឆ្នាំ១៩៨០ មានអាស័យផ្ទះលេខ ២៣០I ផ្លូវលេខ៣៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

ប្រតិបត្តិការដឹកនាំដោយលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌឫស្សីកែវ តំណាងលោក លីន ញ៉ក់ អភិបាលខណ្ឌស្ដីទី និងមានសមសភាពចូលរួមពីការិយាល័យអន្តរវិស័យខណ្ឌ ការិយាល័យឧស្សាហកម្ម និងសិប្បកម្មខណ្ឌ ការិយាល័យបរិស្ថានខណ្ឌ ចៅសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្រោមការបញ្ជាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា មុនឈានដល់ការសម្រេចបិទចោលទាំងស្រុងជាស្ថាពរ ទៅលើទីតាំងលក់បញ្ចូលហ្គាស និងបំពាក់ប្រព័ន្ធហ្គាសរថយន្ដចំនួន ២ទីតាំងនេះ គឺយោងតាមការចុះត្រួតពិនិត្យជាក់ស្ដែង ពីការិយាល័យជំនាញពាក់ព័ន្ធ ដោយបានរកឃើញថា ក្រៅពីទីតាំងមិនត្រូវតាមលក្ខណៈបច្ចេកទេស ក៏គ្មានអាជ្ញាបណ្ណប្រកបអាជីវកម្ម ពីក្រសួងរ៉ែ និងថាមពលនោះដែរ។

នាយករដ្ឋបាលខណ្ឌឫស្សីកែវរូបនេះ បានបញ្ជាក់ទៀតថា លើសពីនេះ ទីតាំងលក់បញ្ចូលហ្គាស និងបំពាក់ប្រព័ន្ធហ្គាសរថយន្ដចំនួន២ទីតាំងនេះដែរ គឺគ្មានអាជ្ញាបណ្ណប្រកបអាជីវកម្មឡើយ និងមានបញ្ហាប្រឈមហានិភ័យខ្ពស់ ចំពោះវិទ្យុសកម្ម ពោលងាយឆ្លងឆេះផ្ទុះជាទីបំផុតតាមចរន្ដទូរស័ព្ទ អៃកូម និងអាយឌី ដោសារការធ្វេសប្រហែស ខ្លាចក្រែង មានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ។

សូមជម្រាបថា ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងស្ដុកលក់ និងបញ្ចូលហ្គាស ស្ថិតនៅផ្លូវលេខ២៧៣ ខាងកើតអង់តែនទួលគោក ប្រហែល៣០ ទៅ៤០ម៉ែត្រ ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ បានសំណូមពរ ទៅកាន់អាជ្ញាធរសង្កាត់ ជាពិសេសលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យជួយចាត់វិធានការតាមបទដ្ឋានបច្ចេកទេស និងបើអាចឈានដល់ការបិទចោលក៏ល្អដែរ ព្រោះទីតាំងស្តុកលក់ និងបញ្ចូលហ្គាស ទាំង Past App និងរថយន្ដផ្សេងៗ កំពុងបង្កការគំរាមកំហែងឲ្យមានការភ័យខ្លាច ដោយសារការធ្វេសប្រហែស ខ្លាចក្រែង មានគ្រោះអគ្គិភ័យកើតឡើង ព្រោអសូម្បីតែទីតាំង ក៍មិនត្រូវតាមលក្ខណៈបច្ចេកទេស និងសង្ស័យគ្មានច្បាប់ទម្លាប់ផង៕