(ភ្នំពេញ)៖ កីឡាករតេខ្វាន់-ដូកម្ពុជា លោក ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយមាសកម្រិតពិភពលោក ពីការប្រកួតកីឡាតេខ្វាន់ដូកម្រិតអន្តរជាតិ (ITF) លើកទី២១ ដែលធ្វើឡើងនៅប្រទេសប៊ុលហ្គារី។
លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ដែលត្រូវបានអង្គសមាជតេក្វាន់-ដូនៅប្រទេសប៊ុលហ្គារី ជ្រើសតាំងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) បានប្រាប់អង្គភាព Fresh News នៅថ្ងៃយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ពីប្រទេសប៊ុលហ្គារីថា លោក ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយពីការប្រកួតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ។
លោក កែវ រ៉េមី បានលើកឡើថា នេះជាការដណ្តើមបានមេដាយមាសលើកដំបូងហើយសម្រាប់កីឡាតេក្វាន់-ដូរបស់កម្ពុជា។ លោកចាត់ទុកការដណ្តើមបានមេដាយមាសកម្រិតពិភពលោកនេះ គឺជាជោគជ័យដ៏មោទនភាពមួយសម្រាប់កីឡាតេក្វាន់-ដូកម្ពុជា។
សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF នៅប្រទេសប៊ុលហ្គារី ជាព្រឹត្តិការណ៍ពិភពលោក (World ITF Taekwon-do Championship)មួយ ដែលចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ ការប្រកួតនេះ មានកីឡាករ កីឡាការិនី មកពីបណ្ដាប្រទេសចំនួន៧៤ អត្តពលិកតេក្វាន់-ដូចូលរួមសរុប ១,៤១២នាក់ ក្នុងអត្តពលិកប្រកួតមានចំនួន ៩៧១នាក់។ ដោយឡែកកីឡាករជម្រើសជាតិចំនួន ១៧នាក់ (ស្រី២នាក់) បានចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះ៕