(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់មន្ត្រីពន្លត់អគ្គិភ័យ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឆាប់ឆេះកន្លែងផលិតពូកក្នុងរាជធានីភ្នំពេញ។

អគ្គិភ័យដ៏សន្ធោសន្ធៅមួយកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានឆាប់ឆេះសិប្បកម្មផលិតពូកដ៏ធំមួយក្នុងរាជធានីភ្នំពេញ ក្រុមទី៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ អគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានឆេះបំផ្លាញអគារសិប្បកម្មចំនួន៣ខ្នង រួមមានឃ្លាំងស្តុក និងអគារបម្រើការកម្ពស់៤ជាន់ និង៦ជាន់ ព្រមទាំងសម្ភារៈជាច្រើនទៀត ដូចជាម៉ាស៊ីនកាត់ដេរ ម៉ាស៊ីនកាត់ពូក និងម៉ាស៊ីនចាក់ពូកផងដែរ គិតជាទឹកប្រាក់មានតម្លៃជាង ៣លានដុល្លារសហរដ្ឋអាមេរិក។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើរថយន្តបាញ់ទឹកសរុប ៤៥គ្រឿង មកពីអង្គភាពជាច្រើន ដូចជាការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងពលតូចលេខ៧០ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ក្រុមហ៊ុនស្រាបៀអង្គរ និងរបស់បុរីប៉េងហួតផងដែរ។ ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនេះ បានប្រើទឹករហូតដល់ទៅ ២៦១គ្រឿង។

ក្រៅពីកម្លាំងមន្ត្រីពន្លត់អគ្គិភ័យ កម្លាំងប្រដាប់អាវុធ និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបផ្សេងទៀត បានចូលរួមក្នុងប្រតិបត្តិការនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ទេសរដ្ឋមន្ត្រី គន់ គីម, អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះទៅដល់កន្លែងកើតហេតុ ដឹកនាំបញ្ជាទៅលើប្រតិបត្តិការពន្លត់អគ្គិភ័យនេះ។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើរយៈពេលជាង ១៦ម៉ោង ពោលចាប់ពីពេលកើតហេតុម៉ោងប្រមាណ ០១៖២០នាទីរសៀលថ្ងៃទី២៣ រហូតដល់ម៉ោង ៥ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។ បើទោះបីមិនអាចពន្លត់ភ្លើងដែលឆាបឆេះក្នុងអគារនេះបានយ៉ាងណាក្តី តែមន្ត្រីពន្លត់អគ្គិភ័យ បានប្រឹងប្រែងទប់ស្កាត់មិនឱ្យភ្លើងឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះឡើយ។

លោកទេសរដ្ឋមន្ត្រី គន់ គីម តាមរយៈអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះកិច្ចប្រឹងប្រែងរបស់មន្ត្រីពន្លត់អគ្គិភ័យ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងប្រតិបត្តិការពន្លត់ការឆាប់ឆេះសិប្បកម្មផលិតពូកនេះ។

«យើងមានការសោកស្តាយជាខ្លាំងចំពោះគ្រោះអគ្គិភ័យនេះ។ តែយើងមានការស្ញប់ស្ញែងចំពោះមន្ត្រីពន្លត់អគ្គិភ័យ និងអាជ្ញាធររបស់យើង ដែលគាត់បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបាញ់ពន្លត់អគ្គិភ័យនេះ។ ថ្វីដ្បិតយើងពន្លត់មិនបានជោគជ័យលើការឆាបឆេះនេះ ប៉ុន្តែយើងបានទប់ស្កាត់មិនឱ្យអណ្តាតភ្លើងឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ»។ លោកទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ក៏មានមតិមួយចំនួនបានលើកឡើងផងដែរថា សមត្ថភាពរបស់មន្ត្រីពន្លត់អគ្គិភ័យនៅមានកម្រិតនៅឡើយ ជាហេតុនាំឱ្យប្រតិបត្តិការពន្លត់ការឆេះអគារនេះមិនទទួលបានជោគជ័យ ហើយត្រូវអង្គុយមើលអណ្តាតភ្លើងឆេះអគាររហូតគ្មានសល់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានច្រានចោលការលើកឡើងនេះ។ លោក គន់ គីម បានអះអាងថា មន្ត្រីពន្លត់អគ្គិភ័យរបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ តែការដែលមិនអាចពន្លត់អណ្តាតភ្លើងដែលឆេះសិប្បកម្មផលិតពូកនេះបានដោយសារកត្តាភូមិសាស្ត្រមានសភាពចង្អៀតរថយន្តពន្លត់អគ្គិភ័យពិបាកចូលបាញ់ទឹកពន្លត់ និងមួយវិញទៀតពូកជាសារធាតុដែលឆេះងំបាញ់ទឹកមិនងាយរលត់នោះឡើយ។

លោក គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានតាមដាន និងចុះបញ្ជាផ្ទាល់នៅកន្លែងកើតហេតុបន្ថែមទៀតថា «ក្នុងប្រតិបត្តិការនេះ យើងបានមើលឃើញថា មន្ត្រីពន្លត់អគ្គិភ័យរបស់យើង ក៏ដូចជាអាជ្ញាធរគាត់បានប្រឹងប្រែងខ្លាំងណាស់។ មន្ត្រីពន្លត់អគ្គិភ័យរបស់យើងគាត់មានជំនាញ និងសមត្ថភាពច្បាស់លាស់ តែដោយសារភូមិសាស្ត្រកន្លែងមានសភាពចង្អៀតពិបាករថយន្តពន្លត់អគ្គិភ័យចូលទៅកន្លែងឆេះ។ មួយទៀតពូកនេះមិនងាយពន្លត់ទេ ពេលយើងបាញ់ទឹកទៅហើយ ក៏ឆេះឡើងវិញ គឺឆេះងំតែម្តង ដើម្បីធ្វើឱ្យពន្លត់មិនបានបែបនេះ»។

លោក គន់ គីម បានបន្ថែមថា ការពន្លត់អគ្គិភ័យមិនជោគជ័យនេះ មិនមែនតែករណីនៅកម្ពុជានោះទេ សូម្បីការឆាបឆេះវិហារ ប្រវត្តិ សាស្ត្រ ឡា កាតេដ្រាល់ ដឺ ណូត្រ ដាម (La cathédrale de Notre-Dame) ដែល ជា កន្លែង ដ៏ ល្បីល្បាញ មួយ នៅ កណ្តាល ទីក្រុង ប៉ារីស ប្រទេស បារាំង កាលពីខែមេសា កន្លងទៅក៏មិនអាចសង្គ្រោះឱ្យបានទាន់ពេលវេលានោះដែរ។ មួយវិញទៀត ករណីឆាបឆេះព្រៃអាម៉ាហ្សូន នាពេលនេះ ទោះបីមានការចូលរួមប្រតិបត្តិការពីអ្នកជំនាញច្រើនយ៉ាងណាមិនទាន់អាចស្រោចស្រង់បាននៅឡើយ ដោយសារតែស្ថានភាពឆេះនោះធ្ងន់ធ្ងរខ្លាំង។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការវាយរលំអគារដែលឆាបឆេះនោះនៅឡើយ។ អគារមួយទៀត វាយមិនទាន់អស់ទាំងស្រុងនៅឡើយ ប្រតិបត្តិការវាយកម្ទេចអគារនឹងបន្តនៅថ្ងៃស្អែកបន្ថែមទៀត៕