(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឲ្យអ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តនីមួយៗ ត្រូវបន្តចូលរួមសហការទប់ស្កាត់ ឲ្យបានរាល់សកម្មភាព ដើរបោកប្រាស់របស់ជនខិលខូចដែលចងការ ឬឲ្យខ្ចីប្រាក់ក្រៅប្រព័ន្ធ ដែលគ្មានច្បាប់ឲ្យជាបានដាច់ខាត។
លោកក៏បន្ដស្នើរឲ្យអ្នកពាក់ព័ន្ធទាំងអស់បន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពី ច្បាប់នៃការខ្ចីប្រាក់ ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងកាតព្វកិច្ចសងប្រាក់វិញ ដើម្បីបញ្ជៀសពលរដ្ឋឲ្យចាកចេញផុតពី កូនបំណុលវ័ណ្ឌ.ក។
ការស្នើរបែបនេះរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងសិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខេត្តប៉ៃលិន» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។
លោក ជា ចាន់តូ បានឲ្យដឹងថា ភាពលូតលាស់គ្រប់វិស័យទាំងអស់ ក្នុងនោះរួមទាំងការរីកចម្រើន លើវិស័យមីក្រូហិរញ្ញវត្ថុ បានមកដោយគុណបុណ្យនៃកត្តាសុខសន្តិភាព ដែលប្រសូត្រចេញពី នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងគោលនយោបាយព្រមទាំងការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
លោកបន្ដទៀតថា ដើម្បីឲ្យសកម្មភាពផ្ដល់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកាន់តែប្រសើរ អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួម និងសហការគ្នាឲ្យបានល្អថែមទៀត។ កត្តាសំខាន់ត្រូវមានការយោគយល់គ្នា ដោយឈរលើស្មារតីស្មោះត្រង់រវាងអ្នកឲ្យខ្ចី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកផ្ដល់ឲ្យគេខ្ចីទើបទទួលបាន ផលប្រយោជន៍ទាំងអស់ ពោលអ្នកខ្ចីគឺហ៊ានខ្ចីត្រូវសងព្រោះថា បើវិស័យនេះមានដំណើរការល្អជាផ្នែកមួយដ៏សំខាន់ ក្នុងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្នុងនោះរួមទាំងភាពរីកលូតលាស់ របស់រដ្ឋបាលដែនដីនីមួយៗឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានចាត់ទុក វិស័យហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសកម្ម ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈនៃការផ្ដល់ឥណទានខ្នាតតូច និងមធ្យម។
លោកអភិបាលរងខេត្តសម្ដែងក្ដីសង្ឃឹមថា តាមរយៈសិក្ខាសាលានៅពេលនេះនឹងទទួលបាន ដំណោះស្រាយថ្មីល្អៗ ដើម្បីផ្ដល់ផលប្រយោន៍ ដល់ប្រជាពលរដ្ឋទូទាំងខេត្តមិនខាន។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាឲ្យដឹងថា គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០១៩នេះ ទំហំប្រាក់កម្ចីមានចំនួនរហូតជាង២៥.៩២ ទ្រីលានរៀល (ប្រមាណ ៦.៣៧ ប៊ីលានដុល្លារអាមេរិក) បានផ្តល់ឲ្យអតិថិជនចំនួន១.៩៩ លាននាក់ ខ្ចីនៅទូទាំងប្រទេសសម្រាប់ប្រកបរបរ និងធ្វើអាជីវកម្ម។
លោក រ័ត្ន សុវណ្ណនរៈ ចាត់ទុកការរីកចម្រើន និងសមិទ្ធិផលដែលទទួលបាន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមកបានមកពីការគាំទ្រ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើវិស័យនេះតាមរយៈនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ ក្នុងការបង្កើត និងពង្រីកមុខរបរអាជីវកម្មនានា របស់ប្រជាពលរដ្ឋ។
លោក រ័ត្ន សុវណ្ណនរៈបានបញ្ជាក់ថា វិស័យនេះនៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលត្រូវតែមានការចូលរួមពី គ្រប់អ្នកពាក់ព័ន្ធពិសេសរវាងអ្នកផ្ដល់ឲ្យខ្ចី និងអ្នកខ្ចី។ ដោយឡែកនៅខេត្តប៉ៃលិនមានបញ្ហាតិចតួចណាស់។
លោកបន្ដថា ពោលលទ្ធផលនៃការប្រើប្រាស់ប្រាក់កម្ចីនេះល្អបរសើរ និងទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ បើតាមការលើកឡើងជាបន្ត បន្ទាប់ពីប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ប្រាក់កម្ចីពីបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកន្លងមកនេះ៕